ខេង សម្ជស្ស រំពឹងបទថ្មីនឹង​ផ្ទុះ ក្រោយចូលផលិតកម្ម ចន ច័ន្ទលក្ខិណា

05-06-2019 7:56am

ភ្នំពេញៈ តារាចម្រៀងរលកថ្មី ខេង សម្ជស្ស បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសិល្បៈភាពយន្ត ដែលគេដឹងថា កាន់កាប់ដោយអ្នកនាង​ ចន ច័ន្ទលក្ខិណា។ ព្រោះតែមានការតស៊ូធ្វើជាអ្នកចម្រៀង ដើរច្រៀងយប់ព្រលប់ធ្វើឲ្យ ចនច័ន្ទ អាណិតរហូត បើកឱកាសឲ្យ​ក្លាយជាតារាផលិតកម្មខ្លួនតែម្តង។

ខេង សម្ជស្ស ចាត់ទុកថា ខ្លួនមានសំណាង ដែលបងស្រី​ ចន ច័ន្ទលក្ខិណា មើលឃើញហើយណែនាំឲ្យ​ចេះរៀបចំអត្តចរិតឲ្យ​ល្អចូលក្នុងសង្គមសិល្បៈ។ សម្ជស្សនិយាយថា ពេលនេះ សិល្បៈដើរបានមួយអន្លើ មិនថ្មីដូចពីមុន តែក៏​មិនទាន់ដល់ចំណុ​ចចង់បាននៅឡើយ។

នាងបន្តថា មកទល់ពេលនេះ កំពុងតាមដានបទថ្មី ដែលថតរួចហើយ ចេញនៅលើទីផ្សារក្រែងមានសង្ឃឹមលើការទាក់ទាញ ហើយមានគេទាក់ទងទៅ​ច្រៀងតាមកញ្ចក់ទូរទស្សន៍។ យ៉ាងណាមិញនាងនៅតែគិតថា បានមកទល់ពេលនេះ ក៏​ព្រោះតែបងស្រី ចន ច័ន្ទលក្ខិណាជួយសម្រួល ហើយថ្ងៃក្រោយនាងក្លាយជាបែបណា ក៏​មិនភ្លេចធាតុដើមឡើយ។

ខេង សម្ជស្ស រាល់យប់នាង​ច្រៀងតាមហាងចំនួន២កន្លែង ដោយចាប់ពីល្ងាចរហូតដល់ម៉ោង១២អធា្រត្រ ឬម៉ោង​១យប់ បំណងដើម្បីប្រឹងរកលុយចិញ្ចឹមម្តាយ ដែលឈឺជាប្រចាំតម្រូវឲ្យនាងទប់ចិត្តធ្វើការមិនថានឿយហត់ឡើយ។ នាងទើបតែយកម្តាយចេញពីពេទ្យ ដោយថ្ងៃមើលម្តាយនៅពេទ្យយប់ឡើងតុបតែងកាយប្រឹងញញឹមច្រៀង ដើម្បីលុយហើយមធ្យោបាយត្រឡប់ទៅផ្ទះវិញ ជួនកាលមិត្តភក្តិជួយ ជូនពេលខ្លះជិះ Pass App នេះជាជីវិតសិល្បៈស្រុកខ្មែរគ្មានអ្វីក្រៅពីតស៊ូមុននឹងល្បី៕