សកម្មភាពរោងចក្របានធ្លាក់ចុះនៅអាស៊ី ហើយក្តីកង្វល់កើតមានឡើងពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល

03-06-2019 12:08pm

បរទេសៈ សកម្មភាពរោងចក្របានធ្លាក់ចុះ នៅតាមបណ្តាប្រទេសភាគច្រើននៅអាស៊ី កាលពីខែមុន ស្របពេលដែលសង្រ្គាមពាណិជ្ជកម្មកើនឡើង រវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងប៉េកាំង ធ្វើឲ្យមានក្តីបារម្ភនៃការដាំក្បាលចុះសេដ្ឋកិច្ចសកល ហើយនិងបានដាក់សម្ពាធមកលើក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងតំបន់។

សន្ទស្សន៍សេដ្ឋកិច្ចបែបនេះ ទំនងជាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត នៅប៉ុន្មានខែខាងមុខនេះ ស្របពេលដែលការដំឡើងតម្លៃពន្ធខ្ពស់ជាងមុន ធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល និងធ្វើឲ្យមុខជំនួញកាន់តែវៀចវេរ ហើយនិងប៉ះពាល់ដល់អារម្មណ៍អ្នកប្រើប្រាស់ ជាហេតុនាំឲ្យបាត់បង់ការងារធ្វើ និងការពន្យារពេលលើការសម្រេចចិត្តវិនិយោគទុន។

ក្រុមសេដ្ឋកិច្ចវិទូមួយចំនួន បានធ្វើការព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងថ្មីធ្លាក់ដល់បាតកន្ទេល លើអត្រាផលប្រយោជន៍ បើសិនជាភាពតានតឹងពាណិជ្ជកម្ម នៅតែមិនអាចបញ្ឈប់នៅត្រឹមកិច្ចប្រជុំ G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន នាដំណាច់ខែមិថុនានេះ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង អាចនឹងជួបគ្នានោះ។

លោក អៃដាន់ យ៉ាវ គឺជាសេដ្ឋកិច្ចវិទូទីផ្សារលេចធ្លោជាន់ខ្ពស់មួយរូប នៅឯក្រុមហ៊ុន AXA Investment Managers បាននិយាយថា ភាពតក់ស្លុតបន្ថែមទៀត ពីភាពតានតឹងពាណិជ្ជកម្មកើនឡើង មិនមែនជារឿងល្អសម្រាប់ពាណិជ្ជកម្មសកលនោះទេ ហើយបើសិនជាតម្រូវការនៅសហរដ្ឋអាមេរិក ចិន និងអឺរ៉ុប នៅតែបន្តទន់ជ្រាយបែបនេះ វានឹងក្លាយជាប្រផ្នូលអាក្រក់មួយ សម្រាប់អាស៊ីទាំងមូលតែម្តង៕