ជ័យ សុវ៉ាត ឆក់បានប្រជាប្រិយភាព នៅវិទ្យាល័យសណ្ដែក

03-06-2019 10:58am

កម្សាន្តៈ កាលពីថ្ងៃទី១ មិថុនា តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត ត្រូវគេកត់សម្គាល់ថា ចាយសម្រស់ និងប្រជាប្រិយមិនអន់នោះទេ នៅក្នុងកណ្ដាលហ្វូងសិស្សវិទ្យាល័យយ៉ាងកុះករ នៅក្នុងវិទ្យាល័យសម្ដេចហ៊ុនសែនសណ្ដែក ស្ថិតនៅខេត្តកំពង់ចាម។ នេះជាការបង្ហាញខ្លួនច្រៀងរាំកម្ររមួយនៅខេត្តល្បីល្បាញមួយនេះ នៅក្នុងឱកាសអបអរទិវារកុមារអន្តរជាតិពិភពលោក។

រូបភាពជាច្រើនសន្លឹក បានបង្ហាញពីប្រជាប្រិយភាពរបស់លោក ជ័យ សុវ៉ាត យ៉ាងច្បាស់ក្នុងពេលដែលលោកបង្ហាញខ្លួននៅក្នុងកម្មវិធីអបអរទិវាកុមារអន្តរជាតិនៅក្នុងខេត្តនោះ។ អមដោយវីដេអូ ដែលបានបង្ហោះឡើង គេឃើញយុវវ័យច្រើននាក់ស្រែកច្រៀងតាមបទដែលលោកបន្លឺ ខណៈដែលតាំងពីមុនលោកឡើងឆាក រហូតដល់ចុះពីឆាក គឺមានអ្នកចោមរោមសុំថតជាមួយ ដែលធ្វើឲ្យគេមើលឃើញថា លោក ជ័យ សុវ៉ាត ពង្រាយមន្តស្នេហ៍ និងប្រជាប្រិយភាពបានខ្លាំងមិនធម្មតានោះទេ ដែលមានន័យថា ក្នុងចំណោមតារាយុវវ័យ លោកក៏មានហ្វេនច្រើនគាំទ្រ។

លោក ជ័យ សុវ៉ាត ត្រូវគេឃើញញញឹមបិទមាត់មិនជិតនោះទេ ក្នុងពេលដែលលោកទទួលច្រៀងអបអរទិវារកុមារ នៅក្នុងវិទ្យាល័យនោះ ហើយមានយុវវ័យមកគាំទ្រដក់ម្លឹង។ យ៉ាងណាមិញ នេះមិនមែនជាទិដ្ឋភាពលើកទី១ ដែលតារាសាន់ដេរូបនេះ ធ្លាប់ជួបនោះទេ គឺមានច្រើនលើកមកហើយ ដោយគ្រាន់តែទិដ្ឋភាពដែលយុវវ័យក្នុងវិទ្យាល័យសម្ដេចហ៊ុនសែនសណ្ដែក មកគាំទ្រលោក គឺបញ្ជាក់ថា លោកជាតារាមួយប្រទាញប្រជាប្រិយភាពបានច្រើន ក្នុងចំណោមយុវវ័យ៕