ព័ត៌មានក្តៅ ៖ កូរ៉េខាងជើង ប្រហារជីវិតប្រេសិតពិសេស ប្រចាំនៅអាមេរិក ក្រោយកិច្ចប្រជុំកំពូលបរាជ័យ ជាមួយលោក ត្រាំ

01-06-2019 9:17am

កូរ៉េខាងជើងៈ ប្រេសិតពិសេសកូរ៉េខាងជើង ប្រចាំនៅសហរដ្ឋអាមេរិក ដែលជាអ្នកត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីងតោននោះ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេប្រហារជីវិត ដោយសារតែបរាជ័យនៅកិច្ចប្រជុំកំពូល កាលពីពេលថ្មីៗកន្លងមកនេះ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា លោក គីម ហុកឆុល ហើយនិងក្រុមមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង ជាច្រើនរូបទៀត ដែលបានរៀបចំការងារកម្រិតកំពូល សម្រាប់ជំនួបកំពូលរវាងលោក គីម និងលោក ត្រាំ នៅក្នុងទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងទៅនោះ ត្រូវបានគេប្រហារជីវិត កាលពីខែមីនាកន្លងទៅ។

អំណះអំណាងរបស់កាសែតមួយនេះ ដែលបានផ្អែកលើប្រភពព័ត៌មាននៅកូរ៉េខាងជើង សុំមិនបញ្ចេញឈ្មោះនោះ មិនត្រូវបានគេផ្ទៀងផ្ទាត់ឯករាជ្យនោះទេ។ កូរ៉េខាងជើង ក៏មិនបានអះអាង ឬក៏ច្រានចោលនោះដែរ ចំពោះការប្រហារជីវិតនេះ ក៏ដូចជាវិធានការផ្សេងទៀត លើក្រុមមន្រ្តីទាំងនោះ ហើយរបបមួយនេះ ធ្លាប់បានប្រឈមនឹងអំណះអំណាងសារព័ត៌មានលើកមុនម្តងរួចមកហើយពីការប្រហារជីវិតនេះ។ ចំណែកឯរដ្ឋាភិបាលកូរ៉េខាងត្បូងវិញ ក៏មិនអាចបញ្ជាក់អះអាងពីសេចក្តីរាយការណ៍មួយនេះផងដែរ។

កាសែត Chosun Ilbo បានអះអាងថា លោក គីម យ៉ុងឆុល ដែលជាមន្រ្តីជាន់ខ្ពស់មួយរូប បានរៀបចំការងារជាមួយសមភាគីការបរទេសអាមេរិក លោក ម៉ៃ ផមផ្យូ សម្រាប់ជំនួបកំពូលនោះ បានក្លាយជាកម្មវត្ថុនៃពលកម្មដោយបង្ខំ និងការអប់រំមនោគមន៍វិជ្ជាផងដែរ។

កាសែតមួយនេះ បាននិយាយថា លោក គីម បានកម្ចាត់ចោលមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត ក្នុងគោលបំណង ដើម្បីបង្វែរចំណាប់អារម្មណ៍ពីភាពចលាចលផ្ទៃក្នុង និងក្តីទោសមនស្ស។

យោងតាមសេចក្តីរាយការណ៍ពីកាសែតមួយនេះ បានឲ្យដឹងទៀតថា ប្រភពពីកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា លោក គីម ហុកឆុល ត្រូវបានគេស៊ើបអង្កេត ហើយនិងកាត់ទោសប្រហារជីវិតនៅឯអាកាសយានដ្ឋាន មីរីម ជាមួយនឹងមន្រ្តីការបរទេស៤នាក់ផ្សេងទៀត ដោយពួកគេរងការចោទប្រកាន់ថា បានធ្វើចារកិច្ចឲ្យសហរដ្ឋអាមេរិក។

លោក គីម ហុកឆុល បានក្លាយជាសមភាគីរបស់លោក ស្តេហ្វិន ប៊ីហ្គិន ដែលជាអ្នកតំណាងពិសេសសហរដ្ឋអាមេរិក សម្រាប់កូរ៉េខាងជើង មុនជំនួបកំពូល។

ប្រភពព័ត៌មាន បានបន្តទៀតថា លោក គីម យ៉ុងឆុល ត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងខេត្តចាហ្គាង ក្រោយការបណ្តេញចេញពីតំណែងរបស់លោក ហើយលោក គីម សុងហាយ ដែលចូលរួមកិច្ចចរចាជាមួយលោក គីម ហុកឆុល ត្រូវបានគេបញ្ជូនទៅកាន់ជំរំពន្ធនាគារនយោបាយ។

ដោយឡែក លោក ស៊ីន ហាយយ៉ុង ដែលជាអ្នកបកប្រែរបស់លោក គីម នៅជំនួបកំពូលទីក្រុងហាណូយ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេឃាត់ខ្លួននៅក្នុងជំរំពន្ធនាគារនយោបាយ សម្រាប់ការធ្វើឲ្យអន្តរាយដល់អំណាចរបស់លោក គីម ជាមួយនឹងការបង្កកំហុសច្រើន ក្នុងការបកប្រែ។

សូមបញ្ជាក់ថា វាគឺជាលើកដំបូងហើយ ចាប់តាំងពីការប្រហារជីវិតលោក ចាង ស៊ុងថេក ដែលត្រូវជាឪពុកមា របស់លោក គីម ជុងអ៊ុន កាលខែធ្នូ ឆ្នាំ២០១៣ ក្រោយពីលោកបានបង្ហាញពីអារម្មណ៍ប្រឆាំងបក្ស និងប្រឆាំងបដិវត្តន៍៕