បច្ចុប្បន្ន​ មានក្រុមហ៊ុនជប៉ុន ជាង៣០០ក្រុមហ៊ុន កំពុងបណ្តាក់ទុន នៅកម្ពុជា

29-05-2019 3:53pm

ភ្នំពេញៈ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសម្ព័ន្ធមិត្តភាពសភា ជប៉ុន-កម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុន ចំនួន៣០៩ក្រុមហ៊ុន កំពុងបណ្តាក់ទុន រកស៊ីនៅប្រទេសកម្ពុជា ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានការកើនឡើងគួរឲ្យកត់សម្គាល់ ។

ក្នុងឱកាសពិសារ អាហារការងារថ្ងៃត្រង់ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា មានប្រសាសន៍ថា “ការវិវឌ្ឍន៍ដ៏ល្អប្រសើរ នៃការវិនិយោគរបស់ជប៉ុន នៅកម្ពុជា ដែលបច្ចុប្បន្នក្រុមហ៊ុនជប៉ុន ប្រមាណ៣០៩ក្រុមហ៊ុន កំពុងបណ្តាក់ ទុនរកស៊ីនៅកម្ពុជា ។ ដោយឡែកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ”។

លោកបន្ដថា បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាង ជប៉ុន-កម្ពុជា មានជិត៣ពាន់លានដុល្លារ ។ លោកថា ភាពល្អប្រសើរនៃដំណើរការ របស់ក្រុមហ៊ុនអាកាសចរណ៍ ANA របស់ជប៉ុន បន្ទាប់ពីបានបើកដំណើរការឡើងវិញ នៅអំឡុងឆ្នាំ២០១៦ ។


លោកបន្ថែមថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយជារៀងរាល់ឆ្នាំ ដែលជាកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់កម្ពុជា ។ លោកសង្ឃឹមថា ការរីកចម្រើនរបស់កម្ពុជា នឹងបែងចែកប្រយោជន៍ជាផ្លែផ្កា ទៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាកត្តាដ៏សំខាន់ ក្នុងការរក្សាបាននូវស្ថិរភាព នយោបាយសម្រាប់ប្រទេសកម្ពុជា ។

ឆ្លៀតឱកាសនោះដែរ ប្រធានសម្ព័ន្ធមិត្តភាពសភា ជប៉ុន-កម្ពុជា បានស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៅកម្ពុជា នាឆ្នាំ២០១៨កន្លងទៅ ។ ប្រធានសម្ព័ន្ធ ទទួលស្គាល់ ចំពោះសភាពការណ៍ជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសន្តិភាពស្ថិរភាព ជាពិសេសឃើញទឹកមុខប្រជាពលរដ្ឋកម្ពុជា ពោរពេញដោយការញញឹម និងក្តីសង្ឃឹម ។

ចំណែក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់ប្រទេសជប៉ុនពេលនេះគឺ មានគោលបំណង ជួបជាមួយអ្នកវិនិយោគជប៉ុន ដែលព្រឹកមិញមានការចូល រួមពីអ្នកវិនិយោគជប៉ុន ក្នុងវេទិកាវិនិយោគនៅកម្ពុជា រហូតដល់ទៅជាង ៣០០នាក់។
ពាក់ព័ន្ធទំនាក់ទំនងរវាង កម្ពុជា-ជប៉ុន វិញ សម្តេចតេជោ គូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតថ្មី។ សម្តេច ថា ការកើនឡើងនូវជំនួយ និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយសម្តេចចាត់ទុកនេះជាសករាជថ្មីនៃកិច្ចសហការរវាងកម្ពុជា និងជប៉ុន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់លោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា ថា “ដូចអ្វីដែលឯកឧត្តមបានឃើញជាក់ស្តែងហើយចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពេលឯកឧត្តមអញ្ជើញមកកាន់ប្រទេសកម្ពុជាគឺមិនមានប្រជាពលរដ្ឋណា ដែលស្លាប់ដោយសារអត់ស្បៀង ឬដោយសារភាពច្របូកច្របល់ នោះឡើយ ។ ប្រជាពលរដ្ឋនៅតែមានភាពសប្បាយរីករាយ ក្រោយការបោះឆ្នោត ហើយបន្តប្រកបរបររកស៊ី ចិញ្ចឹមជីវិតជាធម្មតា” ៕