ក្រសួងសុខាភិបាល ៖ ដើមឆ្នាំ២០១៩ ជំងឺគ្រុនឈាម និងរាគរូស កំពុងរាតត្បាតខ្លាំងទៅលើកុមារកម្ពុជា

27-05-2019 10:47am

ភ្នំពេញៈ លោក យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩ ជំងឺគ្រុនឈាម និងជំងឺរាគរូស បាននឹងកំពុងរាតត្បាតខ្លាំងទៅលើកុមារនៅកម្ពុជា ព្រមទាំងកើនឡើងជាងឆ្នាំ២០១៨ ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ AKP។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤នៅកម្ពុជា នាពេលថ្មីៗនេះ លោក យិត ស៊ុនណារ៉ា បានឲ្យដឹងថា ការកើនឡើងខ្ពស់នៃចំនួនជំងឺគ្រុនឈាមនេះ ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានស្ថានការណ៍ទប់ស្កាត់ និងធ្វើការព្យាបាលឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកថា “រយៈពេល៥ខែ ឆ្នាំ២០១៩ ជំងឺគ្រុនឈាម និងជំងឺរាគរួស បាននឹងកំពុងរាតត្បាតខ្លាំងទៅលើកុមារនៅកម្ពុជា ព្រមទាំងកើនឡើងជាងឆ្នាំ២០១៨។ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាម មានរហូតដល់ទៅ៨.០០០នាក់ហើយ”៕