Deontay Wilder ឡើងការពារខ្សែក្រវាត់​ WBC នៅយប់ថ្ងៃសៅរ៍នេះ ជាមួយកីឡាករ Breazeale

18-05-2019 3:23pm

ប្រដាល់ៈ អ្នកប្រដាល់ទម្ងន់យក្សអាមេរិក Dominic Breazeale មានប្រៀបលើទម្ងន់ធ្ងន់ជាងនៅការប្រកួតរបស់គាត់ជាមួយជើងឯកទម្ងន់ធ្ងន់ពិភពលោក WBC និងជាជនរួមជាតិ Deontay Wilder នៅលើសង្វៀន Brooklyn's Barclays Center នាថ្ងៃយប់សៅរ៍នេះ។

អំឡុងការថ្លឹងទម្ងន់កាលពីថ្ងៃសុក្រម្សិលមិញ កីឡាករ Breazeale មានទម្ងន់១១៥.៧៧គ.ក ពោលគឺគាត់មានទម្ងន់ធ្ងន់ជាងគូប្រកួត Wilder ១៤.៥គ.ក។

ទោះបីជាយ៉ាងណាក៏ដោយ ទង្ងន់របស់ Wilderលើកនេះ គឺធ្ងន់ជាងពេលដែលគាត់ជួបជាមួយកីឡាករ Tyson Fury នៅទីក្រុងឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក កាលពីខែធ្នូមុន ដល់ទៅជិត៥គ.ក។

កីឡាករ Wilderនិង Breazeale មិនបានជួបឧប្បត្តិហេតុណាមួយឡើយ អំឡុងការថ្លឹងទម្ងន់របស់ពួកគេកាលពីថ្ងៃសុក្រ ដែលបានធ្វើឡើងនៅឯមជ្ឈមណ្ឌល Long Island University Athletic Center។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Wilderដែលមានប្រវត្តិឈ្នះ៤០លើក មិនដែលចាញ់ និងស្មើ១លើកជាមួយ Fury ហើយនិងផ្តួលគូប្រកួតឲ្យសន្លប់៣៩លើកនោះ ត្រូវបានគេជឿជាក់ថា នឹងអាចការពារបានជើងឯករបស់គាត់ ជាមួយគូប្រកួត Breazeale ដែលមានប្រវត្តិឈ្នះគេ២០លើក ចាញ់១លើក និងផ្តួលគូប្រកួតឲ្យសន្លប់បាន១៨លើក៕