ទៅដល់អូស្ត្រាលី មិនទាន់បាន២ខែ តារាចម្រៀង ស៊ីម ស៊ីណាត រៀបការជាមួយមេម៉ាយកូនពីរ

17-05-2019 2:22pm

ភ្នំពេញៈ នៅទីបំផុតតារាចម្រៀងលេចមុខតាមកម្មវិធីអាហ្វែការ ស៊ីម ស៊ីណាត ដែលប្រកាសខ្លួនចេញទៅរស់នៅប្រទេសអូស្ត្រាលី បានសម្រេចចិត្តរៀបការផ្លូវការជាមួយនារីខ្មែររស់នៅទីនោះ។ នេះជាភ័ព្ទសំណាងរបស់លោក ដោយអ្នកណាៗ ក៏​ចាប់អារម្មណ៍ ព្រោះលោក ស៊ីណាត មិនដែលប្រាប់សោះថា មានគូគាប់នៅនាយសមុទ្រ ហើយរស់នៅឆ្ងាយស្រុកបែបនេះ។

នៅថ្ងៃ១៧ ឧសភា ឆ្នាំ២០១៩នេះ ជាពេលវេលាដែលលោក ស៊ីម ស៊ី​ណាត ចូលរោងការតាមបែបគ្រឹស្គសាសនាជាមួយគូគាប់ ទើបជាប់ងារជាប្រពន្ធដោយបានបំពាក់ចិញ្ចៀនផ្លូវការ និងស្បថស្បែតាមសាសនាអ៊ឺរ៉ុប។ ភរិយាតារាចម្រៀង ស៊ីណាត ជាស្ត្រីមេម៉ាយកូន២ តែនិយាយពីសម្រស់វិញ នៅក្មេងស្អាតសាកសមជាមួយលោក ស៊ីម ស៊ីណាត តែម្តង។ តាមរយៈរូបភាពដែលបានបង្ហាញមិត្តភក្តិសិល្បករ ដែលស្គាល់លោកម្នាក់ៗ មានការចូលរួមអបអរ ហើយជូនពរឲ្យគូស្វាមីទាំងពីរ ជួបតែសេចក្តីសុខ ហើយស្រឡាញ់គ្នាតរៀងទៅ។

តាមការឲ្យ​ដឹងលោក ស៊ីម ស៊ីណាត មិនទាន់បំពេញការងារអ្វីទេ តែលោកនៅទទួលច្រៀងសម្តែងដូចដើម ដោយសារមានទឹកដមសំឡេងពិរោះ ពិសេសបទបែបសម័យលោក ស៊ីន ស៊ីសាមុត។

ជាក់ស្តែងថ្មីៗនេះ លោកទើបសម្តែងរួមគ្នា​ជាមួយកញ្ញា រត្ន័ រចនា ដែលល្បីបទមេម៉ាយសប្បាយចិត្ត មានយីអ៊ុនដោយទទួលបានការគាំទ្រជាច្រើននៅទីនោះ។ លោក ស៊ី​ម ស៊ី​ណាតគ្រោងមកលេងមាតុភូមិកំណើតយ៉ាងយូរជាង១ឆ្នាំទៀត ព្រោះលោកចិញ្ចឹមចិត្តមកកម្ពុជាឲ្យ​ញឹកញាប់ ដោយសារតែលោកពិតជាស្រឡាញ់ដីកំណើតនេះណាស់ ពិសេសមិត្តភក្តិបងប្អូនក៏​លោកនឹករលឹកដែរ៕