ឡើងជែងខ្វះការប្រុងប្រយត្ន័ ត្រូវរថយន្តបុកស្លាប់បីនាក់ នៅប៉ោយប៉ែត

17-05-2019 2:14pm

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួនបីនាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែង ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តដឹកដីបុកពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខក្លោងទ្វារវត្ត អណ្ដូង ថ្មមាស ស្ថិតក្នុង ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍និយាយថា មុនកើតហេតុម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949 បានបើកឡើ​ងជែងរថយន្តធំដឹកដី ម៉ាកហ្វុយសូ ពាក់ស្លាកលេខ ភ្នំពេញ 3A-3754 ក្នុងទិសដៅស្របគ្នា ហើយក៏គេចចូលមកស្តាំវិញ បន្ទាប់ពីគេចចេញពីរថយន្ត ដែលបើកបរច្រាស់ទិសគ្នា ក៏ត្រូវរថយន្តដឹកដីស្របទិសនោះ បុកពីក្រោយពេញទំហឹងកិនស្លាប់ទាំងបីនាក់តែម្តង។

លោក ធិន ស៊ិនដេត អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានអោយដឹងថា ជនរងគ្រោះទាំងបីនាក់ ១-ឈ្មោះ ផាត ភាព ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបរម៉ូតូ) ២-ឈ្មោះ ផាត ភាន  ភេទប្រុស អាយុ២៣ឆ្នាំ (អ្នករួមដំណើរម៉ូតូ) ៣-ឈ្មោះ ស្រី តំ ភេទស្រី អាយុ១៩ឆ្នាំ (អ្នករួមដំណើរ) អ្នកទាំង បីរស់នៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង។

លោក ធិន ស៊ិនដេត បន្តថា ក្រោយការវាស់វែង និងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ច​បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយត្ន័ ជែងក្នុងស្ថានភាពគ្រោះថ្នាក់។

សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន អ្នកបើ​កបររថយន្តឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះថៅកែឈ្មោះ កុយ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំង​សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ៕