បទវិចារណកថា ៖ តើប្រទេសណាខ្លះ នឹងឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្ម បើចិន និងអាមេរិក សុទ្ធតែចាញ់ដូចៗគ្នានោះ?

16-05-2019 3:25pm

បរទេសៈ គេបានទទួលស្គាល់រួចទៅហើយថា សង្រ្គាមពាណិជ្ជកម្មមកទល់នឹងពេលនេះ មិនបានក្លាយជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ភាគីសហរដ្ឋអាមេរិក ឬចិននោះទេ ហើយជម្លោះដែលកំពុងតែកើតឡើងនេះ បានធ្វើឲ្យរង្គោះរង្គើរទីផ្សារ និងធ្វើឲ្យមានក្តីកង្វល់ថា សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ជ្រោះជាក់ជាពុំខាននោះឡើយ ប៉ុន្តែថ្វីត្បិតតែមានអ្នកចាញ់យ៉ាងណាក្តី ក៏នៅមានអ្នកឈ្នះដែរ។

លោក ប៉ារ៉ាក់ ខាន់ណា ទីប្រឹក្សាយុទ្ធសាស្រ្តសកលឈានមុខគេម្នាក់ ដែលកម្មវិធី TED Talks របស់លោក ត្រូវបានមនុស្សរាប់លាននាក់ទស្សនានោះ បាន និងកំពុងតាមដានសង្រ្គាមសេដ្ឋកិច្ចមួយនេះ យ៉ាងដិតដល់ជាទីបំផុត។

លោកបាននិយាយថា “អាស៊ីអាគ្នេយ៍ ឈ្នះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយសារតែការអស់ប្រភពកាន់តែច្រើន ហើយការបង្វែរការវិនិយោគទុនបច្ចុប្បន្ននឹងធ្លាក់មកលើអាស៊ាន ពោល គឺលែងងាកទៅចិនទៀតហើយ”

លោក ខាន់ណា មានសញ្ញាបត្របណ្ឌិតចេញពីសាលាសេដ្ឋកិច្ចក្រុងឡុងដ៍ ហើយទើបតែបានចេញផ្សាយសៀវភៅទី៦ របស់លោក ដែលមានចំណងជើងថា “The Future Is Asian”។ លោកបាននិយាយថា សង្រ្គាមពាណិជ្ជកម្ម នឹងធ្វើឲ្យបណ្តាប្រទេសអាស៊ី កាន់តែរខិតជិតគ្នា។ លោកបាននិយាយទៀតថា បញ្ជីអ្នកឈ្នះអាចបន្តទៅកាន់ប្រទេសនៅក្រៅអាស៊ីផងដែរ។

លោកបន្តថា អឺរ៉ុប ក៏ជាអ្នកឈ្នះសង្រ្គាមមួយនេះផងដែរ។ ក្រឡេកមើលកិច្ចព្រមព្រៀងធំ ដែលក្រុមហ៊ុន Airbus ចុះហត្ថលេខាជាមួយចិន អំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្ស៊ី ជីងពីង ទៅកាន់ប្រទេសបារាំង។ វាមិនមែនជាការគាប់ជួននោះទេ ហើយវាក៏មិនមែនជារឿងចៃដន្យនោះដែរ។ ចិន បានសម្រេចចិត្តឲ្យមានការងាករកក្រុមហ៊ុន Airbus ដើម្បីប្រឆាំងនឹងក្រុមហ៊ុន Boeing ដោយសារតែសង្រ្គាមពាណិជ្ជកម្ម។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលលោក ខាន់ណា បានលើកឡើងពីកត្តាជាច្រើន ដែលមានន័យថា សតវត្សរទី២១ ជារបស់អាស៊ីនោះ នៅមានអ្នកជំនាញលេចធ្លោម្នាក់ទៀត លើបញ្ហាគោលនយោបាយបរទេសសហរដ្ឋអាមេរិក ដោយលោកបាននិយាយថា វាដល់ពេលដែលត្រូវចាប់ផ្តើមគិតពី “រឿងដែលមិនអាចគិតដល់” និងចាប់ផ្តើមទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន។

លោក ចូណាថាន់ វើដ អតីតអ្នកពិគ្រោះយោបល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងទើបតែចេញផ្សាយនូវសៀវភៅរបស់លោក ដែលមានចំណងជើងថា “China's Vision of Victory”។

លោក វើដ បាននិយាយថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសុក្រសប្តាហ៍មុន ទើបតែដំឡើងតម្លៃពន្ធពី១០ភាគរយ ដល់២៥ភាគរយ លើការនាំចូលទំនិញចិន ២០០ពាន់លានដុល្លារ កំពុងតែចាប់ផ្តើមដំណើរការមួយដែលមិនធ្លាប់ដែលគេមើលឃើញ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២។

លោក វើដ បាននិយាយប្រាប់ The World ថា “អ្វីដែលអ្នកមាននៅថ្ងៃនេះ ជាលើកដំបូងក្នុងរយៈពេលជិត៤ទសវត្សរ៍ គឺរដ្ឋាភិបាលអាមេរិក កំពុងគិតឡើងវិញ ពីគោលជំហររបស់ខ្លួន លើទំនាក់ទំនងជាមួយចិន”។ អស់រយៈពេល៣០ឆ្នាំ ឬ៤០ឆ្នាំកន្លងមកនេះ យើងមាននូវគំនិតនៃការចូលរួម ប៉ុន្តែគាំពារនិយម នេះគឺជាយុទ្ធសាស្រ្តរបស់ចិន។

លោកបន្តថា “យើងនឹងចូលរួមធ្វើសេដ្ឋកិច្ចជាមួយចិន ហើយយើងនឹងគាំពារខាងយោធា មានន័យថា យើងនឹងអាចការពារដោយយោធា និងរក្សាសណ្តាប់ធ្នាប់អាស៊ីប៉ាស៊ីហ្វិក មិនសំខាន់ថា កំណើនសេដ្ឋកិច្ចបានទៅចិននោះទេ”

លោក ខាន់ណា បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់លោក ត្រាំ មិនមែនឈរខាងសហរដ្ឋអាមេរិកនោះទេ។ សង្រ្គាមពាណិជ្ជកម្ម កំពុងមានផលប៉ះពាល់អវិជ្ជមានកាន់តែច្រើន លើសហរដ្ឋអាមេរិក ជាជាងរដ្ឋបាលរបស់លោក ដែលនាំឲ្យយើងជឿ ហើយវានឹងធ្វើឲ្យកាន់តែមានប្រយោជន៍ច្រើនឡើង ដល់ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន ដែលក្នុងនោះរួមទាំងអឺរ៉ុប និងបណ្តាប្រទេសអាស៊ី ផ្សេងទៀត និងប្រទេសជិតខាងផងដែរ។

លោកនិយាយថា អ្នកមិនអាចយកដៃម្ខាងទៅដោះស្រាយសង្រ្គាមពាណិជ្ជកម្មតែម្ខាងជាមួយចិន ដោយគ្មានការរាប់បញ្ចូលពន្ធទៅវិញទៅមក ដោយមិនរាប់បញ្ចូលការពិតថា សូម្បីតែប្រទេសសម័្ពន្ធមិត្តដូចជាអឺរ៉ុប និងជប៉ុន កំពុងព្យាយាមប៉ែងជើងអ្នក និងប្រកួតប្រជែងពាណិជ្ជកម្មជាមួយអ្នក នោះទេ។

លោក វើដ ដែលកាលពីពេលថ្មីៗនេះ ទើបតែបង្កើតអង្គការ Atlas គឺជាអង្គការពិគ្រោះយោបល់ និងផ្តល់ប្រឹក្សាលើបញ្ហានៅចិន ឥណ្ឌា និងអត្ថប្រយោជន៍យុទ្ធសាស្រ្តរបស់ពួកគេនោះ បាននិយាយទៀតថា លោកចង់ឃើញប្រទេសលទ្ធិប្រជាធិបតេយ្យ ធ្វើការរួមគ្នាកាន់តែស្អិតរមួតជាងមុន ដើម្បីបញ្ឈប់ការពង្រីកអំណាចរបស់ចិន។

លោកនិយាយថា “អ្វីដែលយើងត្រូវការធ្វើ គឺបង្កើតឡើងវិញ នូវទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងចំណោមបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក យើងគួរតែបង្កើតទំនាក់ទំនងនៅទូទាំងពិភពលទ្ធិប្រជាធិបតេយ្យ”

លោកបន្ថែមទៀតថា “នៅក្នុងសេដ្ឋកិច្ចពិភពលោក ៨០ទ្រីលានដុល្លារ ប្រទេសលទ្ធិប្រជាធិបតេយ្យ តំណាងឲ្យ៦៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។ សហរដ្ឋអាមេរិក មាន២៥ភាគរយ ស្មើនឹង២០ទ្រីលានដុល្លារ ខណៈដែលចិន មានត្រឹមតែ១៣ភាគរយប៉ុណ្ណោះ”។ ហេតុដូច្នេះហើយ យើងមានប្រៀបច្រើន ថាយើងពិតជាអាចធ្វើការជាមួយគ្នាពិតប្រាកដមែន៕