លោក ម៉ឹង សំផន ជំរុញឲ្យក្រុមការងារ ត្រូវបង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សឲ្យបានល្អ

16-05-2019 1:46pm

ស្វាយរៀងៈ លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានថ្លែងទៅកាន់អង្គបោះឆ្នោតជាង១០០នាក់ថា ក្រុមការងាបក្សត្រូវបង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សឲ្យបានល្អដោយខិតខំពង្រឹងសាមគ្គីភាព ឯកភាពគ្នា ឲ្យបានរឹងមាំជំរុញការដឹកនាំរបស់គណបក្ស ឲ្យទទួលបានជោគជ័យ។

ការថ្លែងរបស់លោក ម៉ឹង សំផន បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារគណកម្មធិការកណ្ដាល ចុះជួយក្រុងបាវិតនិងសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្ត ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តស្រុកក្រុងអាណត្តិទី៣ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានអង្គបោះឆ្នោតចូលរួម ជាង១០០នាក់ផងដែរ។

លោកបានជំរុញដល់អង្គបោះឆ្នោតថា ត្រូវបន្ដជំរុញអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឲ្យបានទូលំទូលាយ និងស៊ីជម្រៅក្នុងគ្រប់ស្រទាប់ប្រជាជនពិសេសស្រទាប់យុវជន អំពីសភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ អំពីគោលនយោបាយនានា របស់គណបក្ស និងរាជរដ្ឋាភិបាល អំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបករាល់ការឃោសនាអកុសលរបស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់ពួកប្រឆាំង និងអមិត្ត។ ត្រូវចេះយកចិត្ត យកថ្លើម និងសន្សំពិន្ទុជាមួយប្រជាជនតាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈអំពើល្អរបស់យើង ពិសេស ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅ នេះជាកាតព្វកិច្ចរបស់មន្ត្រីបក្សយើងចំពោះប្រជាជន។

លោកបានបញ្ជាក់ថា ដោយការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើងក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត ដូច្នេះយើងនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃ បោះឆ្នោតហើយ ដូចនេះក្នុងរយៈពេលនេះ ទាំងក្រុមការងារ ទាំងស្រុក-ក្រុង ត្រូវប្រមូលផ្ដុំធ្វើសកម្មភាពចាំបាច់មួយចំនួន៖ ត្រូវខិតខំទប់ស្កាត់រាល់សកម្មភាពដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់យើង ឬក្នុងជួរបេក្ខជនឬ នៅក្នុងផ្ទៃក្នុងរបស់គណបក្ស។

លោកបានថ្លែងបន្តទៀតថា លោក លោកស្រី សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឲ្យបានរឹងមាំជាប់ជានិច្ច និងប្រុងប្រយ័ត្នឲ្យហ្មត់ចត់ ទាំងការហូបចុក ទាំងការធ្វើដំណើរ ទាំងការស្នាក់អាស្រ័យ ហើយម្យ៉ាងទៀត ត្រូវថែរក្សាឯកសារ សម្រាប់បម្រើការបោះឆ្នោត ដូចជា៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ “ ប័ណ្ណ សម្គាល់សមាជិក(ក) ក្រុមប្រឹក្សាឃុំ-សង្កាត់” ឲ្យបានម៉ត់ចត់ករណីបាត់ ឬខូច ត្រូវរាយការណ៍ជូន ថ្នក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា ព្រោះចំណុចនេះសំខាន់ណាស់៕