ដេកដួលឈាមហូរកក្លាក់ជាង២ម៉ោង ឡានពេទ្យឯកជន២-៣គ្រឿង ទៅដល់ឃើញសភាពទំនងក្រខ្សត់ មិនខ្ចីដឹកទៅសង្គ្រោះឡើយ

16-05-2019 1:29pm

ភ្នំពេញៈ ដោយសារបុរសម្នាក់ ក្នុងសភាពក្រខ្សត់ អត់មានទ្រព្យសម្បត្តិនៅជាប់នឹងខ្លួន ហើយមានសភាពមិនប្រក្រតី ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរកក្លាក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមចិញ្ចើមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទោះជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ហៅរករថយន្តសង្គ្រោះមកជួយដឹកយកទៅសង្គ្រោះអាយុជីវិតមនុស្សជាបឋមសិនក៏ដោយ ឡានពេទ្យឯកជន២-៣ មកដល់គ្រាន់តែក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ អស់រយៈពេលជាច្រើនម៉ោង ដល់ម៉ោង៨ព្រឹក ត្រូវបានអ្នកស្គាល់ភ័ក្តិរួមការងារមកឃើញ ទើបដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ។

ជនរងគ្រោះមានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅចល័តនៅតាមកន្លែងដែលធ្វើការងារ ស្នាក់នៅកន្លែងហ្នឹង មានស្រុកកំណើតភូមិត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថាពលរដ្ឋ ប្រទះឃើញជនរងគ្រោះដេកដួល មិនដឹងថាមានរឿងហេតុបញ្ហាអ្វីឡើយ នៅត្រង់ចំណុចខាងលើ មានស្នាមឈាមហូរកក្លាក់ តាំងពីវេលាម៉ោង៦ព្រលឹមថ្ងៃទី១៦ ខែឧសភាមកម្លេះ បង្កឲ្យភ្ញាក់ផ្អើលរហូតដល់ម៉ោង៨ព្រឹក កាន់តែភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែងនៅកន្លែង តែមិនទាន់ដឹងរឿង សំខាន់សមត្ថកិច្ចប្រជាពលរដ្ឋ ជួយសង្គ្រោះអាយុជីវិតមនុស្ស (ជនរងគ្រោះ) ជាមុនសិន ក៏ប៉ុន្តែ ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច ហៅរថយន្តរថយន្តសង្គ្រោះ ឃើញឡានពេទ្យ គ្លីនិកឯកជន ២-៣ គ្រឿងមកដល់ តែមិនខ្ចីរវល់ជួយឡើយ អស់រយៈពេលច្រើនម៉ោង រហូតដល់ មិត្តភ័ក្រ អ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយអះអាងថា ជនរងគ្រោះ ធ្លាប់មានជម្ងឺសរសៃប្រសាទទេ គាត់មានជម្ងឺរើធ្វើទុក្ខ។

តាមការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សីមកប្រើប្រាស់ ចំពោះស្នាម អារក របួសមុតនោះ សន្និដ្ឋានជនរងគ្រោះ យកវត្ថុមុតអ្វីមួយមកអារកខ្លួនឯង ព្រោះថា ជនរងគ្រោះគ្មានទ្រព្យសម្បត្តិអ្វីនៅជាប់តាមខ្លួនឡើយ ក្រខ្សត់ រកមួយថ្ងៃសម្រាប់រស់មួយថ្ងៃមិនចង់គ្រប់ផង៕