ម្ដាយ​របស់​ក្មេងស្រីអាយុ៩ឆ្នាំ អរគុណសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ យកចិត្តទុក្ខដាក់ជួយមើលថែកូនគាត់ វង្វេងបាត់ពីផ្ទះយប់មិញ

16-05-2019 8:08am

ភ្នំពេញៈ ក្មេងស្រីម្នាក់ សង្ស័យវង្វេងឪពុកម្ដាយ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញដើរតាមផ្លូវតែឯង ដោយព្រួយបារម្ភអំពីសុវត្ថិភាព ហើយសួរនាំទៅនាងប្រាប់មកមិនច្បាស់លាស់ទៀត ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ មកនាំយកទៅសាកសួរ ហើយប្រាប់ថា រស់នៅជាមួយឪពុកម្ដាយ នៅម្ដុំផ្សាររាត្រី ទើបសមត្ថកិច្ចជូនទៅដល់ម្ដុំផ្សាររាត្រី តែនាងមិនសូវស្គាល់ផ្ទះទៀត ទើបត្រលប់មកសំរាកនៅស្នាក់ការប៉ុស្តិ៍នគរបាលឬស្សីកែវមួយយប់សិន និងផ្ដល់ដំណឹងទៅវិទ្យុABC ជួយផ្សាយប្រកាសរកឪពុកម្ដាយ ឬអ្នកណាដែលស្គាល់ប្អូនស្រី មានភិនភាគដូចក្នុងរូបខាងលើនេះ អាចមកយកទទួលយកទៅផ្ទះវិញបាន។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឆាយា វិជ័យ មន្ត្រីនគរបាលប៉ុស្តិ៍ឬស្សីកែវ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POTS ថា នៅមុនពេលកើតហេតុ ប្អូនស្រីខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញដើរតាមផ្លូវតែឯង ដោយព្រួយបារម្ភអំពីសុវត្ថិភាព ណាមួយពាក់កណ្ដាលយប់ទៅហើយ ទើបប្រជាពលរដ្ឋហៅនាងមកសួរនាំ តែនាងឆ្លើយប្រាប់មកមិនច្បាស់លាស់ ហើយខ្លាចមានបញ្ហាអ្វី ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ចុះមកនាំយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំបន្ថែម។

មន្ត្រីនគរបាលប៉ុស្តិ៍ឬស្សីកែវ បន្តិចទៀតថា លុះមកដល់ស្នាក់ការប៉ុស្តិ៍ សមត្ថកិច្ចបានសាកសួរក្មេងស្រីដែលប្រទះឃើញខាងលើ ហើយរូបនាងប្រាប់ថា នាងមានឈ្មោះ ស្រី រត្ន័ អាយុ៩ឆ្នាំ មានម្ដាយឈ្មោះ ហឿន និងមានឪពុកឈ្មោះ សារឿន ហើយរស់នៅម្ដុំផ្សាររាត្រី ខណ្ឌដូនពេញ ក្រោយពីសួរនាំរួចភ្លាម កម្លាំងប៉ុស្តិ៍ឬស្សីកែវ បានជូនក្មេងស្រីទៅដល់ម្ដុំផ្សាររាត្រីតែម្ដង ខណៈពេលទៅដល់ហើយ តែបែរជានាងប្រាប់ថា មិនសូវស្គាល់ផ្ទះទៀត ដោយសារតែពាក់កណ្ដាលអធ្រាត្រហើយ និងស្ងាត់ទៀតនោះ កម្លាំងសមត្ថកិច្ចបាននាំប្អូនស្រីមកសម្រាកនៅស្នាក់ការប៉ុស្តិ៍នគរបាលឬស្សីកែវមួយយប់សិន និងផ្ដល់ដំណឹងទៅវិទ្យុABC ដើម្បីជួយប្រកាសរកឪពុកម្ដាយ ឬអ្នកដែលស្គាល់ប្អូនស្រី ដែលមានភិនភាគដូចក្នុងរូបខាងលើនេះ អាចមកយកទទួលយកទៅផ្ទះវិញបាន។

បច្ចុប្បន្ន ក្មេងស្រីដែលវង្វងឈ្មោះ ស្រីរ័ត្ន រកឪពុកម្ដាយមិនទាន់ឃើញ កំពុងស្នាក់នៅបណ្ដោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងរងចាំប្រកាសរកឪពុកម្ដាយផងដែរ តែមួយម៉ោងក្រោយមកស្រាប់តែម្ដាយរបស់នាងបានមកដល់ប៉ុស្តិ៍ រួចរត់មកឱបកូនទាំងទឹកភ្នែក និងថ្លែងអំណរគុណដល់កម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវ និងបណ្ដាញផ្សព្វផ្សាយទាំងអស់ និងវិទ្យុABC ដែលបានសហការគ្នាជួយផ្សាយ។ បច្ចុប្បន្នម្ដាយក្មេងស្រីខាងលើ បាននាំកូនត្រលប់ទៅផ្ទះវិញហើយ៕