លោក ហ្ស៊ី អះអាងថា ចិន នឹងបន្តបើកទូលាយជាងមុនចំពោះពិភពលោក ខណៈមានភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិក

16-05-2019 12:01am

ចិនៈ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូង ចាប់តាំងពីមានភាពតានតឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានផ្ទុះឡើងកាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិន មាននូវប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយនៃការបើកទូលាយចំពោះពិភពលោក ហើយពួកគេនឹងបន្តបើកទូលាយជាងនេះទៀត។

គួរឲ្យដឹងថា ចិន និងសហរដ្ឋអាមេរិក បានជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្មកើនឡើង ដោយភាគីទាំង២ បានដំឡើងតម្លៃពន្ធដូចគ្នាលើការនាំចូលទំនិញ។ នៅមុនពេលសុន្ទរកថា របស់លោក ហ្ស៊ី រដ្ឋាភិបាលចិន បានរាយការណ៍ពីកំណើនសេដ្ឋកិច្ចចុះខ្សោយជាងមុនដ៏គួរភ្ញាក់ផ្អើលលើការលក់ និងទិន្នផលឧស្សាហកម្មសម្រាប់ខែមេសា។

កាលពីថ្ងៃចន្ទ ចិន បានប្រកាសដំឡើងតម្លៃពន្ធពី៥ភាគរយ ឡើយដល់២៥ភាគរយ លើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃចំនួន៦០ពាន់លានដុល្លារ ថា នឹងមានសុពលភាពនៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ ដើម្បីសងសឹកនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ដើម្បីដំឡើងតម្លៃពន្ធពី១០ទៅ២៥ភាគរយ លើទំនិញនាំចូលពីចិន ចំនួន២០០ពាន់លានដុល្លារ។

លោក ហ្ស៊ី បានថ្លែងសុន្ទរកថារបស់លោក នៅក្នុងវេទិកាមួយនៅក្នុងទីក្រុងប៉េកាំង រៀបចំឡើងដោយក្រសួងឃោសនាការ ដែលគេឲ្យឈ្មោះថា “សន្និសីទស្តីពីការជជែកដេញដោលលើអរិយធម៌អាស៊ី”។

លោក ហ្ស៊ី មិនបានចង់សំដៅលើភាពទានតឹងពាណិជ្ជកម្មនោះទេ តែផ្ទុយទៅវិញ លោកបានផ្តោតសំខាន់លើការធ្វើបទបង្ហាញថា ចិន ដែលជាប្រទេសមិនគំរាមកំហែងគេ បើកទូលាយដល់ប្រទេសទាំងអស់នៅលើពិភពលោក។

លោក ហ្ស៊ី បាននិយាយប្រាប់វេទិកាថា អរិយធម៌ចិន គឺជា “ប្រព័ន្ធបើកទូលាយ” ដែលបានផ្លាស់ប្តូរឥតឈប់ឈរ និងបានរៀនសូត្រពីវប្បធម៌ដទៃទៀត ដែលរួមទាំងសាសនាព្រះពុទ្ធ លទ្ធិម៉ាក្ស៊ីស និងសាសនាអ៊ីស្លាម។

លោកបានបន្តថា ថ្ងៃនេះ ចិន មិនមែនជាចិន របស់ចិន វាគឺជាចិន របស់អាស៊ី និងចិន របស់ពិភពលោក។ ចិន នៅពេលអនាគត នឹងបន្តគោលជំហរបើកទូលាយជាងមុន ដើម្បីឱបក្រសោបពិភពលោក។

លោក ហ្ស៊ី បញ្ជាក់ថា គ្មានប្រទេសណាមួយអាចឈរតែម្នាក់ឯងបាននោះទេ។ លោកនិយាយបែបនេះ ច្បាស់ណាស់ថា ទំនងជាចង់វាយបកដោយប្រយោលមកលើគោលនយោបាយ “អាមេរិកដំបូង” របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក៕