តារាសម្តែងជើងចាស់អាមេរិក Tim Conway ទទួលមរណភាព ក្នុងវ័យ៨៥ឆ្នាំ ដោយសារសំពាធសរសៃខួរក្បាល

15-05-2019 11:50pm

អាមេរិកៈ លោក Tim Conway ដែលជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបរបស់អាមេរិក បានទទួលមរណភាពហើយ កាលថ្ងៃអង្គារ នៅក្នុងវ័យ៨៥ឆ្នាំ។

លោក Howard Bragman អ្នកនាំពាក្យរបស់គាត់ បាននិយាយថា លោក Conway បានទទួលមរណភាពនៅទីក្រុងឡូសអាន់ជឺឡេស កាលពីព្រឹកថ្ងៃអង្គារ។ មុនពេលោកស្លាប់ លោកបានទទួលរងសំពាធសរសៃខួរក្បាលច្របូកច្របល់ ហើយនិងគ្មានសញ្ញាណាមួយនៃជំងឺភ្លេចភ្លាំងនោះទេ។

ដោយឡែក លោកស្រី Carol Burnett ដែលជាតារាសម្តែងជើងចាស់របស់អាមេរិកដែរនោះ បាននិយាយថា លោកស្រីខូចចិត្តជាខ្លាំងពេលឮដំណឹងពីមរណភាពរបស់លោក Conway។

លោកស្រី បាននិយាយថា លោកConway គឺជាមនុស្សក្នុង១លាននាក់ មិនត្រឹមតែជាតារាសម្តែងដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែលោកជាមនុស្សដ៏គួរឲ្យស្រឡាញ់ទៀតផង។ លោកស្រីធ្លាប់មានពេលវេលាដ៏សប្បាយរីករាយជាមួយនឹងរូបលោក ទាំងនៅក្នុង និងក្រៅឆាក។ គាត់គឺជាមនុស្សដែលលោកស្រីស្រឡាញ់ពេញអស់ពីបេះដូង។

សូមបញ្ជាក់ថា លោក Conway បានឈ្នះរង្វាន់ Emmy ចំនួន៣លើក សម្រាប់ការសម្តែងរបស់លោក នៅក្នុងរឿងភាគ “The Carol Burnett Show” ហើយនិងឈ្នះរង្វាន់មួយនេះម្តងទៀត ជាលើកទី៤ ក្នុងនាមជាអ្នកនិពន្ធ អំឡុងទសវត្សឆ្នាំ១៩៦០ និងទសវត្សរ៍៧០។

លោកបានឈ្នះរង្វាន់ Emmy នេះដែរ សម្រាប់ការសម្តែងរបស់លោក នៅឆ្នាំ១៩៩៦ ក្នុងរឿង “Coach” និងឈ្នះម្តងទៀត ក្នុងឆ្នាំ២០០៨ សម្រាប់ការសម្តែង នៅក្នុងរឿង “30 Rock”៕