នាង Madonna ប្រាប់ហេតុផលពីការចូលរួមកម្មវិធីប្រឡងចម្រៀង Eurovision Song Contest នៅអ៊ីស្រាអែល

15-05-2019 11:44pm

អ៊ីស្រាអែលៈ កាលពីថ្ងៃអង្គារម្សិលមិញ តារាចម្រៀងប៉ុបដ៏ល្បីល្បាញមួយរូបរបស់អាមេរិក គឺនាង Madonna បានពន្យល់ពីការសម្រេចចិត្តរបស់នាង ក្នុងការឡើងច្រៀងនៅក្នុងវិធីប្រឡងចម្រៀង Eurovision Song Contest នៅប្រទេសអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ ដោយនាងបាននិយាយថា នាងតែងតែនិយាយការពារជានិច្ចដល់បញ្ហាសិទ្ធិមនុស្ស និងនាងសង្ឃឹមថា នឹងមើលឃើញ “វិថីថ្មីឆ្ពោះទៅរកសន្តិភាព”។

នាង Madonna នឹងចូលរួមជាភ្ញៀវនៅថ្ងៃសៅរ៍ខាងមុខនេះ អំឡុងវគ្គផ្តាច់ព្រ័ត្រនៃការប្រឡងចម្រៀង Eurovision Song Contest ក្នុងទីក្រុងតែល អាវីវ របស់អ៊ីស្រាអែល។

នៅក្នុងសេចក្តីអធិប្បាយលើកដំបូងរបស់នាង ពាក់ព័ន្ធនឹងការសម្រេចចិត្តឡើងច្រៀងនៅក្នុងកម្មវិធីនេះ នាង Madonna បាននិយាយថា នាងគឺជាអ្នកគាំទ្រម្នាក់ ចំពោះសិទ្ធិមនុស្ស។

ការរៀបចំកម្មប្រឡងចម្រៀងនេះដែរ បានធ្វើឲ្យមានការអំពាវនាវធ្វើពហិការពីក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលចង់ឲ្យក្រុមហ៊ុន ក្រុមតារាសម្តែង និងរដ្ឋាភិបាល ដកខ្លួនចេញពីអ៊ីស្រាអែល។

សូមបញ្ជាក់ថា ការប្រឡងចម្រៀងដ៏មានប្រជាប្រិយភាពនេះ មាននូវការសម្តែងពីក្រុមតន្រ្តីករ-តន្រ្តីការី និងតារាចម្រៀងមកពីបណ្តាប្រទេសចំនួន៤០ ហើយកាលពីឆ្នាំមុន មានអ្នកទស្សនាជាង១៨៩លាននាក់ នៅទូទាំង៥០ប្រទេស នៅអឺរ៉ុប៕