គម្រោងអភិវឌ្ឍន៍សួនសម្រាប់អ្នកថ្មើជើង ជុំវិញរបងសាលាបាក់ទូក សម្រេចបាន១០០ភាគរយហើយ

15-05-2019 11:39pm

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍មូលដ្ឋានសង្កាត់នៅជុំវិញរបងសាលាបាក់ទូក នៅពេលនេះ ត្រូវបានរដ្ឋបាលសាលាខណ្ឌ៧មករា ចាប់ផ្ដើមអនុវត្តសម្រេចបាន១០០ភាគរយហើយ ដោយរៀបចំការរ៉ូឡាជុំវិញរបងសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក ដើម្បីឲ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរទៅមក ជាពិសេសសិស្សានុសិស្សដែលមករៀនតាមសាលារដ្ឋ និងសាលាឯកជន ងាយស្រួលធ្វើដំណើរជាងមុន ព្រោះកន្លងមកដើរនៅលើផ្លូវថ្នល់។

គួររំឭកផងដែរថា ដោយយោងតាមសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌ៧មករា បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខណ្ឌ៧មករា បានធ្វើការដេញថ្លៃរួចរាល់អស់ហើយ និងបានទៅលើក្រុមហ៊ុន ហៃ ម៉ានីម៉ិច ហើយក្រុមហ៊ុននឹងចាប់ផ្ដើមដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដូច្នេះ សាលាខណ្ឌ៧មករា សូមធ្វើសេចក្ដីជូនដំណឹងដល់បងប្អូនអ្នកលក់ដូរគ្រប់ប្រភេទ សូមបញ្ឈប់ការលក់ដូរយកសម្ភារៈផ្សេងៗ ដូចជាតូប តុ កៅអីរបស់ខ្លួន ចេញឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ គឺទុករយៈពេលឲ្យចំនួន១៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៨ គឺត្រូវតែរើចេញឲ្យអស់។

សាលាខណ្ឌសាលាខណ្ឌ៧មករា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងតែប្រកបមុខរបរលក់ដូរគ្រប់ប្រភេទតាមចិញ្ចើមផ្លូវលេខ១៦៤ លេខ១៥២ និងលេខ១៤៩ ជាប់របងសាលាបឋមសិក្សាបាក់ទូក និងវិទ្យាល័យបាក់ទូក ស្ថិតនៅក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា នូវគម្រោងអភិវឌ្ឍន៍សង្កាត់ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ប្រចាំឆ្នាំ២០១៨ នៃគណៈកម្មាធិការលទ្ធកម្មសង្កាត់វាលវង់ បានលើកគម្រោងអាទិភាពចំនួន១ ក្នុងចំណោម៤គម្រោង គឺរៀបចំការរ៉ូឡាជុំវិញរបងសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក ដើម្បីឲ្យមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរទៅមក។

សូមបញ្ជាក់បន្ថែមផងដែរថា នៅពេលក្រុមហ៊ុនបានរៀបចំការ៉ូឡារួចរាល់ហើយ នោះសាលាសង្កាត់មិនអនុញ្ញាតឲ្យបងប្អូនអាជីវករមកលក់ដូរនៅទីតាំងនេះបន្តទៀតនោះទេ គឺបងប្អូនអាជីវកលក់ដូរត្រូវទៅរកទីតាំងផ្សេងដើម្បីលក់ដូរ។ ចុងក្រោយ សាលាសង្កាត់សង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងចូលរួមសហការរីករាយជាមួយនឹងសាលាសង្កាត់ឲ្យបានល្អប្រសើរ ដើម្បីឲ្យផ្លូវនេះលែងមានការស្ទះចរាចរណ៍បន្តទៀត៕