រន្ទះបាញ់ ផ្ដាច់ជីវិតប្ដីប្រពន្ធ២នាក់ និងរងរបួសធ្ងន់ម្នាក់ ខណៈពួកគេទៅរកដកផ្សិតផូងផាង នៅស្រុកក្រគរ

15-05-2019 11:25pm

ពោធិ៍សាត់ៈ ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ ជាមួយនឹងផ្គររន្ទះផងនោះ បានបាញ់មកលើមនុស្ស បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចខាងលើស្ទឹងអំពុះ ដែលមានចម្ងាយ៣០០ម៉ែត្រ ពីភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ឯក ឯម រុន ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែឧសភានេះថា នៅមុនពេលកើតហេតុ ពួលគាត់(ជនរងគ្រោះ) បានដើររកដកផ្សិតផូងផាង នៅតាមជើងភ្នំ ហើយបាននាំគ្នាសសៀមកដល់ចំណុចស្ទឹងព្រាល មានគ្នីគ្នា៥នាក់។ លុះនៅពេលមេឃកំពុងធ្លាក់ភ្លៀង ហើយនាំគ្នាជិះម៉ូតូកាត់ភ្លៀងក៏ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ និងរបួស។

បើតាមសមត្ថកិច្ច ជនរងគ្រោះ ទី១.ឈ្មោះ សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាប្តី(ស្លាប់), ទី២.ឈ្មោះ ណុប ចន្ថា អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធស្លាប់។ ជនរងគ្រោះទាំងពីរ រស់នៅក្នុងភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទី៣.ឈ្មោះ ហ៊ឹមយះ អាយុ៤៨ឆ្នាំ ជនជាតិខ្មែឥស្លាម រស់នៅភូមិចាថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់, ទី៤.ឈ្មោះ សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិចាថ្មី និងទី៥.ឈ្មោះ ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិចា រងរបួសស្រាល។ បច្ចុប្បន្ន អ្នករងរបួសកំពុងសម្រាកព្យាបាននៅមណ្ឌលសុខភាពឃុំឈើតុំ ខណៈអ្នកស្លាប់ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា នៅថ្ងៃនេះផងដែរ សាខាកាកបាទក្រហមខេត្តស្រុក បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅទៅប្រគល់ជូនគ្រួសារសព និងអ្នករងរបួសផងដែរ៕