អភិបាលខេត្តកំពង់ចាម ជំរុញពន្លឿនការជួសជុល កែលម្អសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ឲ្យមានទាំងគុណភាព និងសោភ័ណភាព

15-05-2019 11:00pm

កំពង់ចាមៈ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងលោកឧកញ៉ា ខៃ ប៉េងស៊ុន អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការសាងសង់ កែលម្អសួនច្បារមាត់ទន្លេ និងពន្លឿនក្រុមជាងបន្ថែមទៀត ក្នុងការកែលម្អសួនច្បារ ដែលនៅតាមបណ្តោយមាត់ទន្លេចាប់ពីគល់ស្ពានគីហ្សូណា ដល់ចំណុចអតីតកំពុងសាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សួនច្បារដែលកំពុងស្ថាបនាឡើងនេះ គឺធ្វើយ៉ាងណាត្រូវមានទាំងគុណភាព និងសោភ័ណភាពស្រស់បំព្រងសម្រាប់ក្រុងកំពង់ចាម និងសម្រាប់បងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីដងទន្លេមេគង្គ ហើយក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនទ្វេឡើង។ សួនច្បារនេះ ក៏ជាកន្លែងដ៏សំខាន់របស់ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីពីគ្រប់ទិសទីមកអង្គុយលេង និងដើរកម្សាន្ត ពិសេសជាងនេះក៏មានកន្លែងប្រគំតន្រ្តី ហាត់ប្រាណផងដែរ។

លោកអភិបាលខេត្ត បានណែនាំ និងជំរុញដល់ក្រុមការងារការសាងសង់សួនច្បារតាមដងទន្លេមេគង្គ ធ្វើយ៉ាងណាត្រូវពន្លឿនក្នុងការសាងសង់ ដោយយកចិត្តទុកដាក់បំផុតពីក្រុមជាង និងមន្ត្រីជំនាញ ប្រកបដោយគុណភាព សោភ័ណភាព ដើម្បីប្រែក្លាយតំបន់តាមផ្លូវមាត់ទន្លេក្នុងក្រុងកំពង់ចាម ឲ្យមានទេសភាព មានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនឡើងថែមទៀត។

មន្ត្រីជំនាញ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមជាងបានកសាងបានប្រមាណជាង៥០ភាគរយហើយ ក្នុងគម្រោងកែលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ចំណុចអតីតកំពុងសាឡាងចាស់ ដែលមានប្រវែង២៣២ម៉ែត្រ ទទឹង៥៥ម៉ែត្រ និង២៣ម៉ែត្រ៕