ខ្សែប្រយុទ្ធបារាំង Antoine Griezmann ចាកចេញពី Atletico Madrid ទំនងជាផ្ទេរទៅលេងជាមួយ Barcelona

15-05-2019 10:50pm

បាល់ទាត់ៈ ខ្សែប្រយុទ្ធ Antoine Griezmann នឹងចាកចេញពីក្លិប Atletico Madrid នាដំណាច់រដូវកាលនេះ ដែលទំនងជាផ្ទេរទៅលេងជាមួយក្លិប Barcelona វិញ។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំង វ័យ២៨ឆ្នាំម្នាក់នេះ មិនបានប្រកាសឲ្យដឹងពីទីកន្លែង ដែលលោកនឹងត្រូវលេងនារដូវកាលក្រោយនោះទេ ប៉ុន្តែសេចក្តីរាយការណ៍សកល នៅក្នុងសារព័ត៌មានអេស្ប៉ាញ បានឲ្យដឹងថា លោកនឹងចូលលេងជាមួយក្លិប Barcelona គឺជាក្លិបដែលលោកបានច្រានចោលមិនព្រមផ្ទេរទៅកាលពីឆ្នាំមុន មុនពេលចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លិប Atletico Madrid រហូតដល់ឆ្នាំ២០២៣។

កីឡាករ Griezmann ដែលបានឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិបារំាង និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល៥ឆ្នាំ កាលពីខែមិថុនាឆ្នាំកន្លងទៅនោះ បាននិយាយថា លោកបាននិយាយប្រាប់គ្រូបង្វឹករបស់ក្លិប Atletico Madrid លោក Diego Simeone និងប្រធានប្រតិបត្តិ Miguel Angel Gil Marin រួចហើយពីការសម្រេចចិត្តរបស់លោក ហើយលោកក៏បាននិយាយប្រាប់ក្រុមអ្នកគាំទ្រភ្លាមៗផងដែរ តាមសារវីដេអូ។

លោកបាននិយាយថា ក្រោយនិយាយជាមួយលោក Simeone និងលោក Miguel Angel ហើយនិងក្រុមនាយកក្លិបផងដែរ លោកក៏ប្រញាប់ប្រញាល់និយាយប្រាប់ក្រុមអ្នកគាំទ្រក្លិប ដែលតែងតែផ្តល់ការគាំទ្រ និងសេចក្តីស្រឡាញ់មកកាន់លោកនាពេលកន្លងមកនេះ ពីការសម្រេចចិត្តចាកចេញមួយនេះ៕