សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំ វេទិកាសហប្រតិបតិ្តការអាស៊ាន-ចិន ឆ្នាំ២០១៩

15-05-2019 10:44pm

ប៉េកាំងៈ សមាជិកគណៈកម្មាធិការនាយកសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច) បានសម្តែងគំនិតសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំវេទិកាសហប្រតិបតិ្តការអាស៊ាន-ចិន ឆ្នាំ២០១៩ ដែលប្រារព្វធ្វើឡើងនាទីក្រុងប៉េកាំង ប្រទេសចិន នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

លោក ទេស សារ៉ារិទ្ធ សមាជិកគណៈកម្មាធិការនាយក សសកច និងបម្រើការនៅកាសែតប្រចាំថ្ងៃ រស្មីកម្ពុជា ផងដែរនោះ បានឡើងថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ដែលមានការចូលរួមពីតំណាងសារព័ត៌មានអាស៊ានទាំង១០ប្រទេស និងចិនផងនោះថា ប្រទេសចិន និងអាស៊ាន ជាអ្នកជិតខាងដ៏ល្អ មិត្តភក្តិល្អ និងដៃគូល្អ។ ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តក្នុងឆ្នាំ២០០៣ និងការបង្កើតទំនាក់ទំនងដៃគូសន្ទនាមកពីប្រទេសចិន និងអាស៊ាន បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការច្រើនកម្រិត និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ មានការជឿទុកចិត្តគ្នាខាងនយោបាយ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោកបានបន្តថា "ទំនាក់ទំនងអាស៊ាន-ចិន បានក្លាយទៅជាទំនាក់ទំនង ដែលមានភាពរឹងមាំបំផុត និងរុងរឿងបំផុតនៅក្នុងកាលានុវត្តន៏នាយុគសម័យថ្មីនេះ"។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនណាក់ សមាជិកគណៈកម្មាធិការនាយក សសកច និងបម្រើការនៅកាសែតប្រចាំថ្ងៃ កោះសន្តិភាព ក៏បានលើកឡើងផងដែរថា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន និងជាខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ។ ភាគីទាំងពីរ ពិសេសប្រទេសកម្ពុជា និងចិន បានពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច តាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ កាន់តែស៊ីជម្រៅ និងច្នៃប្រឌិតខ្ពស់ ប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ។

អ្នកកាសែតជើងចាស់រូបនេះ បានបន្ថែមថា "នៅក្រោមបរិបទថ្មីនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ជាពិសេសប្រទេសកម្ពុជា ត្រូវខិតខំប្រឹងប្រែងថែមមួយកម្រិតទៀត ជាមួយប្រទេសចិន ក្នុងការផ្លាស់ប្តូរព័ត៌មាន និងសកម្មភាពនានា ឲ្យកាន់តែមានភាពជ្រាលជ្រៅ ជាអាទិ៍លើវិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែពេញលេញ និងទូលំទូលាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេរភាគី និងពហុភាគី ឲ្យកាន់តែមានវឌ្ឍនភាព"។

ក្នុង សសកច សមាជិកគណៈនាយកទាំងពីរ លើកជាទស្សនទានថា វេទិកាសហប្រតិបតិការអាស៊ាន-ចិន ឆ្នាំ២០១៩ ក្លាយជាកម្លាំងចលករសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការពេញលេញលើគ្រប់វិស័យរវាងប្រទេសអាស៊ាន និងប្រទេសចិន ពិសេសប្រទេសកម្ពុជា និងប្រទេសចិន ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំ និងសម្របសម្រួលដោយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សសកច ត្រូវបានសម្ពោធដំណើរការជាផ្លូវការ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩៕