Aston Villa បំបាក់ West Brom ដោយ Shootout ដើម្បីឡើងដល់វគ្គផ្តាច់ព្រ័ត្រកាត់សេចក្តី Championship

15-05-2019 10:27pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Aston Villa បានយកឈ្នះក្រុម West Brom ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout ៤-៣ នៅវគ្គកាត់សេចក្តីពាក់កណ្តាលផ្តាច់ព្រ័ត្រ Championship ពោល គឺពួកគេនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ នឹងត្រូវវិលត្រឡប់មកកាន់ការប្រកួត Premier League វិញហើយ។

ក្រុម West Brom បានឈ្នះការប្រកួត ១-០ នៅយប់នោះ ក្នុងទឹកដី Hawthorns ដើម្បីសម្រេចបានលទ្ធផលស្មើទាំង២ជើង ២-២ ដោយសារតែការតែតបាល់បញ្ចូលទីក្នុងតង់ទី១ របស់កីឡាករ Craig Dawson។

ទោះបីជាយ៉ាងណាក៏ដោយ ក្តីសង្ឃឹមរបស់ក្រុមមមួយនេះ ក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេស ត្រូវបានបាត់សូន្យទៅវិញ ពេលដែលប្រធានក្រុម Chris Brunt ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅ១០នាទី ពីម៉ោងបញ្ចប់ការប្រកួត។

ក្រុមម្ចាស់ផ្ទះនៅតែទប់ទល់បានដដែលក្នុងម៉ោងបន្ថែម២លើក ប៉ុន្តែអ្នកចាំទី Jed Steer របស់ក្រុម Aston Villa សង្រ្គោះបានបាល់ស៊ុត២លើក ដំបូងរបស់ក្រុម West Brom នៅការស៊ុតបាល់ប៉េណាល់ទី Shootout របស់កីឡាករ Mason Holgate និងកីឡាករ Ahmed Hegazi ដើម្បីសម្រេចបានជោគជ័យសម្រាប់ក្រុម Aston Villa៕