លោក ត្រាំ ចាត់ទុកសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ថា គ្រាន់តែជាជម្លោះតូចតាចប៉ុណ្ណោះ

15-05-2019 10:20pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងទទូចកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិន មិនបានដួលរលំនោះទេ ហើយលោកបានចាត់ទុកសង្រ្គាមដំឡើងពន្ធអាមេរិក-ចិន គ្រាន់តែជា “ជម្លោះតូចតាច” ប៉ុណ្ណោះ បើទោះបីជារដ្ឋបាលរបស់លោក បានត្រៀមខ្លួនរួចរាល់ក្នុងការដំឡើងតម្លៃពន្ធ២៥ភាគរយបន្ថែមទៀត លើការនាំចូលទំនិញចិន ដែលនៅសេសសល់ទាំងអស់ក៏ដោយ។

ក្នុងការបំប៉ោងសុទិដ្ឋិនិយមតាមរយៈការបង្ហោះសារតាម Twitter កាលពីព្រឹកថ្ងៃអង្គារ ស្តីពីធាតុពិតនៃកិច្ចពិភាក្សា លោក ត្រាំ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមាននូវ “ការជជែកដេញដោលល្អណាស់” ជាមួយចិន ហើយលោកថែមទាំងមានទំនាក់ទំនងយ៉ាងពិសេសជាមួយលោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង ថែមទៀតផង។

លោក ត្រាំ បាននិយាយថា យើងមាននូវកិច្ចពិភាក្សាដែលកំពុងកើតឡើង។ វានឹងបន្តជានិច្ច ប៉ុន្តែយើងបានបង្កើតកិច្ចព្រមព្រៀងជាមួយចិន យើងមាននូវកិច្ចព្រមព្រៀងមួយដែលខិតជិតគ្នាបំផុត ប៉ុន្តែពួកគេបែរជាបំផ្លាញវាទៅវិញ។ ពួកគេពិតជាបំផ្លាញវាពិតមែន។

លោក ត្រាំ ដែលចង់សំដៅលើការតវ៉ារបស់សហរដ្ឋអាមេរិក ជុំវិញការលួចកម្មសិទ្ធិបញ្ញា និងសកម្មភាពធ្វើជំនួញស៊ីខ្សែលើរបស់ចិននោះ បាននិយាយថា យើងមាននូវជម្លោះតូចតួចប៉ុណ្ណោះជាមួយចិន ដោយសារតែយើងត្រូវបានគេបំពានមកលើដោយមិនយុត្តិធម៌ត្រឹមត្រូវអស់រយៈពេលជាច្រើនទសវត្សមកនេះ៕