លើកទី១ហើយ! យន្តហោះ២គ្រឿង បុកគ្នាលើអាកាស ស្លាប់៦នាក់ និងបាត់ខ្លួន២នាក់ នៅអាឡាស្កា

15-05-2019 10:17pm

អាមេរិកៈ ក្រុមមន្រ្តីបានអះអាងថា ក្រុមអ្នករុករកបានរកឃើញសាកសពជនរងគ្រោះ នៃហេតុការណ៍បុកគ្នារវាងយន្តហោះចុះចតលើទឹកសមុទ្រ២គ្រឿង នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារ ក្រោយប្រតិបត្តិការរុករកតាមបំណែកយន្តហោះ និងទឹកត្រជាក់ ពោលគឺបន្ទាប់ពីយន្តហោះទាំង២គ្រឿងនេះ ប៉ះទង្គិចគ្នានៅលើអាកាស បណ្តាលមនុស្ស៦នាក់ស្លាប់ និង១០នាក់ផ្សេងទៀត រងរបួស។

ក្រុមហ៊ុនដំណើរកម្សាន្តតាមសមុទ្រ បាននិយាយថា មនុស្ស២នាក់ ដែលកំពុងបាត់ខ្លួន គឺជាជនជាតិអូស្រ្តាលី និងកាណាដា ហើយពួកគេស្ថិតនៅក្នុងចំណោមអ្នកដំណើរ១៤នាក់ មកពីនាវាកម្សាន្ត Princess Cruises ដែលមានផ្ទុកយន្តហោះចុះចតលើសមុទ្រ២គ្រឿង ហើយប្រតិបត្តិការដោយក្រុមហ៊ុនចំនួន៤ ដាច់ដោយឡែកពីគ្នាដែលមានមូលដ្ឋាននៅទីក្រុងខេតឈីខាន់។

លោក ស្តេហ្វិន វ៉ាយ កាពីទែនក្រុមឆ្មាំសមុទ្រសហរដ្ឋអាមេរិក ដែលបានផ្ញើមរណទុក្ខរបស់ក្រុមអ្នករុករកដល់ក្រុមគ្រួសារអ្នកស្លាប់នោះ បាននិយាយថា នេះមិនមែនជាលទ្ធផលដែលយើងសង្ឃឹមទទួលបាននោះទេ។

ក្រុមមន្រ្តីបាននិយាយថា អ្នកស្លាប់ដែលរួមមានបុរស៣នាក់ និងស្រ្តី៣នាក់នេះ មានអាយុចាប់ពី៣៧ឆ្នាំ ដល់៦២ឆ្នាំ។ អ្នកស្លាប់ទាំងអស់ ត្រូវបានគេផ្តល់អត្តសញ្ញាណរួចអស់ហើយកាលពីល្ងាចថ្ងៃអង្គារ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលនាំយន្តហោះទាំង២គ្រឿងនេះ បុកគ្នានៅលើអាកាស មិនត្រូវបានដឹងនោះទេ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង៕