បុរសអនាថាម្នាក់ ត្រូវរថយន្ត៣គ្រឿង កិនស្លាប់ នៅស្តុបចេនឡា, រថយន្តសង្គ្រោះទាំងរដ្ឋ និងឯកជន រងការរិះគន់ថា ឃើញតែលុយ

15-05-2019 10:46am

ភ្នំពេញៈ ស្ងាត់មួយរយៈ ឥឡូវមានរឿងល្បីទៀតហេីយ តែលើកនេះធ្វើឲ្យគ្រប់គ្នាអាណោចអាធ័មតែម្ដង។ បុរសម្នាក់ ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀនរហូតវង្វេងស្មារតីបាត់បង់ម្ចាស់ការលេីខ្លួនឯង អត់ផ្ទះសម្បែង ហើយរស់នៅតាមចញ្ជើមផ្លូវ មិនដឹងមកពីណា ដេីររេីសនេះរេីសនោះ ចេះតែដេីរដកតាមសួនច្បារសាធារណៈ ព្រមទាំងឆ្លៀតលួចយករបស់របរអ្នកអង្គុយញ៉ាំអីនោះ បានដេីរទៅដេកកណ្ដាលផ្លូវ ត្រូវរថយន្ត៣គ្រឿង បើកបុកកិនពាក់កណ្ដាលខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុការណ៍គ្រោះថ្នាក់លើជនអនាថារូបនេះ ទាំងខាងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុក្ខដាក់ក្នុងការចុះមកដឹកជនរងគ្រោះ ដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ រហូតមានរថយន្តគ្លីនិកឯកជន ហុងហាក់ មកជួយដឹកយកទៅសង្គ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង០០៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចកណ្ដាលស្តុបចេនឡា(ផ្សារដើមគរ) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសាក្សីជាប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ជាមនុស្សមានសតិមិនប្រក្រតី បានដើរ ដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ទាំងថ្ងៃ ទាំងយប់ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុក បណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ។

ខណៈនៅយប់កើតហេតុ ស្រាប់តែបុរសរូបនេះ មកដេកកណ្ដាលផ្លូវត្រង់ចំណុចស្តុបចេនឡាផ្សារដើមគ ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាក៣គ្រឿង បើកបុកកិនចំខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះ បានបន្តដំណើរទៅបាត់ស្រមោល។

បន្ទាប់ពីករណីបុរសសតិមិនល្អ ត្រូវបានរថយន្តកិនបណ្ដាលឲ្យរងរបួសធ្ងន់ គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុក្ខដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយ។

ក្រោយមកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិត។ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងយកតម្កល់នៅឯវត្តទឹកថ្លា រង់ចាំបូជាតាមប្រពៃណីនាពេលក្រោយ៕