លោក ហេង ឡុង ចំអកតបអ្នករិះគន់ ព្រោះបានថតជាមួយ idol

15-05-2019 9:32am

ភ្នំពេញៈ លោក ហេង ឡុង បានរងការរិះគន់ជាខ្លាំង បន្ទាប់ពីលោកបង្ហោះរូប ដែលលោកថតជាមួយលោក យុត្ថា រ៉ាឆានី ដែលជាអតីតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។ ពាក្យរិះគន់នោះ បានកើតឡើងបន្ទាប់ពីលោក ហេង ឡុង បានសរសេរភ្ជាប់ជាមួយរូបថតនោះថា "លោក យុត្ថា រ៉ាឆានី ជាអាយដលរបស់ខ្លួន ដែលលោកបានពេញចិត្តតាំងពីតូច"។

លោក ហេង ឡុង បានសរសេរបង្ហោះលើហ្វេសខ្លួន កាលពីពេលថ្មីៗកន្លងមកថា "ភ្លេចគាត់នៅបងប្អូន? បានថតជាមួយអាយដលគាំទ្រគាត់តាំងពីក្មេង បុរសសង្ហាប្រចាំស្រុកខ្មែរ មិនស្មានថា មានសំណាងបានគាត់រាប់អានសោះ"។ តាមរយៈរូបថតមួយសន្លឹក និងសំណេរបែបនោះ បានធ្វើឲ្យមនុស្សមួយចំនួនរិះគន់ លោក ហេង ឡុង។ អ្នកខ្លះសរសេរចំអកថា "ស្រឡាញ់ និងគាំទ្រអាយដល តែបែរជាយកប្រពន្ធអាយដលទៅវិញ"។

ពាក្យសម្តីបែបនេះ លោក ហេង ឡុង បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្នុងពេលលោករងការរិះគន់ទៅវិញ គ្រាន់តែរឿងផ្ទាល់ខ្លួនបែបនេះ។

លោក ហេង ឡុង បានបង្ហោះសារឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះវិញថា "គ្រាន់តែពេញចិត្តអាយដលក៏អត់បានដែរ គិតទៅសម័យ facebook មិនមែនដូចសម័យប៉ុលពតទេ បងប្អូនមានសិទ្ធិរិះគន់គ្រប់បែបយ៉ាង"។ "ខ្ញុំសប្បាយចិត្តនឹងទទួលយកគ្រប់ការរិះគន់ បើពួកគាត់មិនពេញចិត្តយើង ក៏គាត់មិនរិះគន់យើងដែរ។ បើជួបតាមផ្លូវសូមជួយហៅផងចង់ selfie ជាមួយនឹងបងប្អូនទាំងអស់គ្នាម្ដង ពិតជាក្តុកក្តួលណាស់។ ម៉េចបានរូបនេះ ធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលម្ល៉េះ មេត្តាពន្យល់ផង? ខ្ញុំនិងគាត់រាប់អានគ្នាយូរហើយ ខ្ញុំមិនដែលមានបំណងអាក្រក់ពីមិត្តភាពឡើយ។ សុំផ្ញើទៅអ្នកអគតិមួយចំនួនតូច"។

សូមជម្រាបថា លោក ហេង ឡុង បានសាងស្នេហ៍ជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីនាងបានលែងលះគ្នាតាមផ្លូវច្បាប់ ជាមួយលោក យុត្ថា រ៉ាឆានី ហើយលោក ឆានី ក៏មានភរិយាថ្មីដែរ។ រហូតមកដល់ពេលនេះ ទាំងលោក យុត្ថា រ៉ាឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងក្រុមគ្រួសារទាំងសងខាង នៅតែរាប់រកគ្នាដដែល បើទោះបីជាលោក យុត្ថា រ៉ាឆានី មានភរិយាថ្មី ហើយអ្នកនាង ចន ច័ន្ទលក្ខិណា បានរស់នៅជាមួយលោក ហេង ឡុង ក៏ដោយ៕