ឆេះកប៉ាល់ដឹកប្រេងក្រុមហ៊ុន "សាវីម៉ិច" របួសធ្ងន់ម្នាក់ និងបាត់ខ្លួនម្នាក់ ផ្អើលទាំងព្រលឹមអុល នៅខណ្ឌឫស្សីកែវ

15-05-2019 8:57am

ភ្នំពេញៈ កប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិចមួយគ្រឿង ត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យមានមនុស្សរបួសម្នាក់ និងបាត់ខ្លួនម្នាក់ ហើយនិងបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងព្រឹកព្រលឹម។

ហេតការណ៍ឆេះកប៉ាល់ដឹកប្រេងម៉ាស៊ូត របស់ក្រុមហ៊ុនសាវីម៉ិចនេះ កើតឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥៖១៥នាទីព្រឹក ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុនសាវីម៉ិច ក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន៩គ្រឿង បាញ់អស់ចំនួន៥គ្រឿង និងអូបរ័បាញ់ទឹករបស់ការិយាល័យជើងទឹកចំនួន២គ្រឿង។

សម្ភារៈខូចខាតរួមមាន៖ កប៉ាល់ចំនួន១ភ្រឿង និងប្រេងចំនួន៣០០.០០០លីត្រ។ រងរបួសមនុស្សម្នាក់ ធ្ងន់ និងម្នាក់ទៀត បាត់ខ្លួន កំពុងធ្វើការស្រាវជ្រាវ។ យ៉ាងណា អត្តសញ្ញាណជនរងគ្រោះទាំងពីរ មិនត្រូវបានគេឲ្យដឹងនោះទេ។

ករណីនេះ ត្រូវបានពន្លត់រលត់ជាស្ថាពរនៅម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃខែដដែល៕