សិស្សសាលាជាស៊ីមចំរើនរដ្ឋម្នាក់ បែកគំនិតចេញឆក់ទូរស័ព្ទ ហើយជិះរត់បុករថយន្ត ផ្លោះចូលវត្ត ជាប់ខ្នោះល្មម

15-05-2019 7:24am

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច បណ្តាលឲ្យទាក់ដៃចង្កូតរេទៅបុករថយន្តមួយគ្រឿងទៀត រួចរត់ចោលម៉ូតូផ្លោះរបងចូលទៅក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចក្របួចបានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខវត្តស្រះចក តាមបណ្តោយផ្លូវ៨៦ កែវផ្លូវ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ចែក ណុច ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលាជាស៊ីមចំរើនរដ្ឋ មានស្រុកកំណើត នៅភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសែក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HG-8528 តាមបណ្តោយផ្លូវ៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ៦១ ចំណុចកើតខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសជនជាតិចិនម្នាក់ កំពុងជិះម៉ូតូកង់បីមួយគ្រឿង (មិនចាំស្លាកលេខ) ស្របទិសដៅគ្នាមិនបានសម្រេច ទាក់ដៃចង្កូតជាមួយម៉ូតូកង់បី រួចរេចង្កូតទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខ បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យបានរត់ផ្លោះរបងចូលទៅសង្ងំលាក់ខ្លួន ក្នុងវត្តស្រះចក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ធ្វើការឡោមព័ទ្ធចាប់វាយខ្នោះភ្លាមៗ ចំណែកជនរងគ្រោះមិនឈប់នៅកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំ នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋនគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕