Inter Milan បំបាក់ Chievo ២-០ ឡើងមកឈរនៅលេខរៀងទី៣ លើតារាង Serie A

14-05-2019 6:22pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុម Inter Milan បានវិលត្រឡប់មកឈរនៅលេខរៀងទី៣វិញ នៅលើតារាង Serie A ពេលដែលគ្រាប់បាល់របស់កីឡាករ Matteo Politano និងកីឡាករ Ivan Perisic បានធ្វើឲ្យពួកគេឈ្នះ ២-០ លើក្រុមជ្រុះពីតារាង Chievo ដែលបានបញ្ចប់ការប្រកួតមានគ្នាត្រឹម១០នាក់ប៉ុណ្ណោះ។

ជាមួយនឹង២ប្រកួតទៀត ត្រូវលេងបញ្ចប់រដូវកាលនោះ ក្រុម Inter Milan មាន៦៦ពិន្ទុ ពោល គឺមាន១ពិន្ទុនាំមុខក្រុម Atalanta ក្នុងនោះក្រុម AC Milan និងក្រុម AS Roma មាន៣ពិន្ទុ តាមពីក្រោយគេទៀត នៅក្នុងការប្រជែងគ្នាដណ្តើមតំណែងក្រុមកំពូលទាំង៤ និងកៅអីលេងនៅ Champions League នារដូវកាលក្រោយ។

កីឡាករ Politano បានទម្លុះភាពទាល់ច្រកនៅ៦នាទី មុនពេលបញ្ចប់ការប្រកួតតង់ទី១ ជាមួយនឹងការស៊ុតបាល់ទាប ពីក្បែរតំបន់ស៊ុតបាល់ប៉េណាល់ទី ចូលទៅក្នុងជ្រុងម្ខាងនៃបង្គោលទីបានសម្រេច។

ក្រុមភ្ញៀវ ដែលកំពុងឈរនៅបាតតារាង មានតែ២ពិន្ទុ ពេញមួយ១រដូវកាលនោះ បានប្រឹងប្រែងវាយបកវិញ ប៉ុន្តែពួកគេកាន់តែជួបបញ្ហាថែមមួយកម្រិតទៀត ពេលដែលកីឡាករ Nicola Rigoni ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត សម្រាប់កាតលឿង២លើក នៅនាទី៧៦។

ក្រុម Inter Milan សម្រេចបានជ័យជំនះរបស់ពួកគេ ពេលដែលកីឡាករ Perisic ដែលបានស៊ុតបាល់ប៉ះចំបង្គោលទីដែរនោះ បានពេនមួយជើងបានសម្រេច គឺក្រោយពេលដែលកីឡាករ Cedric Soares ស៊ុតបាល់ប៉ះរបារទីដូចគ្នា៕