ក្លិប Brighton បណ្តេញលោក Chris Hughton ចេញពីតំណែងអ្នកចាត់ការ

14-05-2019 6:17pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្លិប Brighton បានបណ្តេញលោក Chris Hughton ចេញពីតំណែងអ្នកចាត់ការ នូវអ្វីដែលលោកប្រធាន Tony Bloom រៀបរាប់ថា វាគឺជាការសម្រេចចិត្តដ៏ពិបាកបំផុត ដែលលោកមិនធ្លាប់បង្កើតឡើងកាលពីមុនមក។

លោក Hughton បានចាកចេញទៅ ថ្វីត្បិតតែបានដឹកនាំក្រុម Brighton ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ ហើយនិងរក្សាបានស្ថានការណ៍របស់ពួកគេ នៅក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលទី២ ជាប់ៗគ្នា។

ការសម្រេចចិត្តនេះដែរ បានក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់លោក Hughton វ័យ៦០ឆ្នាំ ដែលបាននិយាយពីបំណងរបស់លោកដល់ក្រុមកីឡាករឲ្យតាំងចិត្តឡើងវិញ ក្រោយបរាជ័យ ១-៤ នៅថ្ងៃផ្តាច់ព្រ័ត្រនៃរដូវកាលជាមួយក្រុម Man City កាលពីថ្ងៃអាទិត្យកន្លងទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះទម្រង់លេងរបស់ក្រុមនៅដំណាក់កាលក្រោយៗនៃរដូវកាល ដែលមើលឃើញក្រុម Brighton ធ្លាក់ទៅក្នុងសង្រ្គាមរស់រាននៅបាតតារាងនោះ អាចជាដើមចមដ៏សំខាន់ដែលនាំឲ្យលោក Hughton បាត់បង់ការងារធ្វើបែបនេះ៕