លោក រូហានី ៖ អ៊ីរ៉ង់ ប្រឈមនឹងសំពាធមិនធ្លាប់មានពីមុន ដោយសារទណ្ឌកម្មអន្តរជាតិ

13-05-2019 2:22pm

អ៊ីរ៉ង់ៈ លោកប្រធានាធិបតី ហាសាន់ រូហានី បាននិយាយថា អ៊ីរ៉ង់ កំពុងប្រឈមនឹងសំពាធ “មិនធ្លាប់ដែលមានពីមុន” ដោយសារតែទណ្ឌកម្មអន្តរជាតិ។

លោក រូហានី បាននិយាយថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចអ៊ីរ៉ង់ អាក្រក់ជាងកាលពីអំឡុងសង្រ្គាមជាមួយអ៊ីរ៉ាក់(១៩៨០-៨៨)ទៅទៀត។

សេចក្តីអធិប្បាយរបស់លោក បានកើតមានឡើងស្របពេលភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកដែលបានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ពួកគេមកកាន់តំបន់ឈូងសមុទ្រពែរ្ស។

លោករូហានី ដែលបានរងសំពាធនយោបាយក្នុងស្រុកដែរនោះ បានអំពាវនាវឲ្យមានការបង្រួបបង្រួមផ្នែកនយោបាយ ដើម្បីប្រឈមមុខដល់ទីបញ្ចប់ជាមួយទណ្ឌកម្មទាំងនេះ។

លោករូហានី បាននិយាយប្រាប់ក្រុមសកម្មជននយោបាយនៅក្នុងទីក្រុងតេអេរ៉ង់ថា “អំឡុងសង្រ្គាម យើងគ្មានបញ្ហាជាមួយធនាគាររបស់ពួកយើង ការលក់ប្រេង ឬការនាំចេញ-នាំចូលនោះទេ ហើយមានតែទណ្ឌកម្មមួយគត់ មកលើការទិញអាវុធរបស់ពួកយើង”។

លោកបាននិយាយថា សំពាធពីសត្រូវរបស់ពួកគេ គឺជាសង្រ្គាមមិនធ្លាប់ដែលមានពីមុនមកនៅក្នុងប្រវតិ្តសាស្រ្តបដិវត្តន៍អ៊ីរ៉ង់ ប៉ុន្តែលោកមិនអស់សង្ឃឹមនោះទេ ហើយនិងមាននូវក្តីសង្ឃឹមដ៏អស្ចារ្យបំផុតមួយសម្រាប់អនាគត និងមានជំនឿថា យើងនឹងអាចឆ្លងកាត់ស្ថានភាពដ៏លំបាកទាំងនេះ ជាមួយនឹងការរួបរួមគ្នា។

ភាពតានតានឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចោទសួរដល់អនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្តឆ្នាំ២០១៥ ដែលអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយសមាជិកអចិន្រ្តៃយ៍ទាំង៥របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ   និងអាល្លឺម៉ង់។

កាលពីឆ្នាំមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងមួយនេះដោយឯកតោភាគី ហើយនិងបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ បាននិយាយបង្ហើបឲ្យដឹងថា ពួកគេអាចនឹងចាប់ផ្តើមសកម្មភាពនុយក្លេអ៊ែរឡើងវិញ បើសិនជាប្រទេសដៃគូដ៏ទៃទៀតធ្វើតាមទណ្ឌកម្មសហរដ្ឋអាមេរិក៕