បទអត្ថាធិប្បាយ ៖ តើសង្រ្គាមពាណិជ្ជកម្មនឹងផ្ទុះឬ ក្រោយលោក​ ត្រាំ គំរាមដំឡើងតម្លៃពន្ធទំនិញចិន កើនឡើងទ្វេដងនោះ?

09-05-2019 3:10pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ចិនបាមបំពានលើកិច្ចព្រមព្រៀង អំឡុងកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ជាហេតុធ្វើឲ្យមានជម្លោះមុនកិច្ចចរចារវាងភាគីទាំង២។

សេចក្តីអធិប្បាយបែបនេះ បានកើតមានឡើង ខណៈពេលដែលទីក្រុងប៉េកាំង បាននិយាយថា ខ្លួននឹងសងសឹកជាមួយនឹងវិធានការប្រឆាំងចាំបាច់ជាច្រើន បើសិនជាសហរដ្ឋអាមេរិកហ៊ានដំឡើងតម្លៃពន្ធលើផលិតផលរបស់ចិន។

លោក ត្រាំ បានសន្យាថា នឹងដំឡើងតម្លៃពន្ធច្រើនជាងទ្វេដងលើទំនិញចិន ដែលមានទំហំទឹកប្រាក់២០០ពាន់លានដុល្លារ នាថ្ងៃសុក្រនេះ។

ថ្វីត្បិតតែមានការគំរាមកំហែងក៏ដោយ ភាគីទាំង២គ្រោងនឹងចូលរូមពិភាក្សាស្តីពីពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកនាថ្ងៃព្រហស្បត្តិ៍នេះផងដែរ។

នៅមុនកិច្ចពិភាក្សា លោកត្រាំ បានចោទប្រកាន់ក្រុមមេដឹកនាំចិនថាបានបំពានលើកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកកំពុងចរចាលើបញ្ហាសង្រ្គាមពាណិជ្ជកម្ម។

លោកត្រាំ បាននិយាយប្រាប់ក្រុមអ្នកគាំទ្រអំឡុងការជួបជុំគ្នានៅរដ្ឋផ្ល័ររីដា ថា “ពួកគេបានបំពានលើកិច្ចព្រមព្រៀង ពួកគេមិនអាចធ្វើបែបនោះបានទេ។ ហេតុដូច្នេះហើយពួកគេត្រូវតែសងទាំងអស់”។

លោកត្រាំ បាននិយាយថា បើសិនជាភាគីទាំង២មិនអាចបង្កើតកិច្ចព្រមព្រៀងណាមួយទេនោះ វាមិនខុសនោះទេជាមួយនឹងការយកលុយជាង១០០ពាន់លានដុល្លារក្នុង១ឆ្នាំ។

គួរឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ភាគីទាំង២ស្ទើរតែជិតឈានដល់កិច្ចព្រមព្រៀងទៅហើយ ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោកត្រាំ បាននិយាយតាម Twitterថា សហរដ្ឋអាមេរិក នឹងដំឡើងតម្លៃពន្ធលើទំនិញចិន២០០ពាន់លានដុល្លារក្នុងសប្តាហ៍នេះ ហើយនិងអាចអនុវត្តនការការដំឡើងតម្លៃពន្ធថ្មីបន្ថែមទៀត។

ដោយឡែក អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោករ៉ូប៊ើត ឡាយធីហ្ស៊ឺ បានចោទប្រកាន់ថា ចិនបានងាកមកដើរតាមផ្លូវចាស់លើការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយយ៉ាងទទួចថា កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង អាចនឹងមានលទ្ធភាពកើតឡើងនៅឡើយទេ។

សូមបញ្ជាក់ថា ការដំឡើងពន្ធ គឺជាពន្ធដែលត្រូវបង់ដោយក្រុមហ៊ុននាំចូលលើទំនិញបរទេស ហេតុដូច្នេះហើយការដំឡើងពន្ធ២៥ភាគរយ ដាក់ជូនដោយសហរដ្ឋអាមេរិក មកលើទំនិញចិន នឹងត្រូវបង់ជូនដោយក្រុមហ៊ុនអាមេរិកផ្ទាល់ ប៉ុន្តែវានឹងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិនដែលរកស៊ីជាមួយពួកគេផងដែរ។

ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មនេះដែរ បានធ្វើឲ្យកើតមានរលកនៃភាពរំជើបរំជួលនៅទូទាំងផ្សារហិរញ្ញវត្ថុ។

ផ្សារភាគហ៊ុន Hang Seng បានធ្លាក់ចុះ១.២ភាគរយ ហើយផ្សារភាគហ៊ុន Shanghai Composite បានធ្លាក់ចុះ០.៨ភាគរយផងដែរនៅថ្ងៃព្រហស្បត្តិ៍នេះ។

លោកឡាយធីហ្ស៊ឺ បានចេញផ្សាយនូវកំណត់ហេតុផ្លូវការមួយកាលពីថ្ងៃពុធថា អត្រាបង់ពន្ធលើការនាំចូលសម្ភារអេឡិចត្រូនិក គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងគ្រឿងសង្ហារឹមផ្សេងៗទៀតដែលផលិតនៅក្នុងប្រទេសចិន នឹងកើតឡើង២៥ភាគរយនៅថ្ងៃសុក្រនេះ។

តម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់២០០ពាន់លានដុល្លារ កើនឡើងពី១០ភាគរយដល់២៥ភាគរយកាល គ្រោងនឹងកើតមានឡើងតាំងពីដើមឆ្នាំនេះមកម្ល៉េះ ប៉ុន្តែវាត្រូវបានពន្យាពេលវិញ ខណៈពេលដែលកិច្ចចរចាមានការរីកចម្រើនទៅមុខ។

បើសិនជាការដំឡើងតម្លៃពន្ធនេះកើតឡើងមែននោះទេ ចិនបានអះអាងថា ពួកគេនឹងសងសឹកវិញក្នុងទំហំទឹកប្រាក់តែមួយ។

ប៉ុន្តែលោកត្រាំ បាននិយាយរួចហើយថា សហរដ្ឋអាមេរិកនឹងដំឡើងតម្លៃពន្ធលើទំនិញចិនទំហំទឹកប្រាក់៣២៥ពាន់លានដុល្លារភ្លាមៗ បើសិនជាទីក្រុងប៉េកាំងហ៊ានសងសឹកពួកគេនោះ៕