ធនាគារពិភពលោក ៖ សេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនស្វាហាប់ ក្នុងឆ្នាំ២០១៨

06-05-2019 3:31pm

ភ្នំពេញៈ ធនាគារពិភពលោក បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលនេះជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនឡើងយ៉ាងរហ័ស នៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះ មានជាង២ភាគ នៃមុខទំនិញនាំចេញសរុប។ នេះជាកំណត់ត្រាកំណើនខ្ពស់៥ឆ្នាំជាប់គ្នាហើយ ដោយវាកើនបាន១៧,៦ភាគរយ ក្នុ ងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨,៣ភាគរយ ក្នុងឆ្នាំ២០១៧។

ប្រភពដដែល បន្ដថា វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ សរុបគ្នាមកមានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួច ក្នុងឆ្នាំ២០១៨។ ការផលិតសម្ភារផ្គត់ផ្គង់ ការសាងសង់ ដែក គ្រឿងសង្ហារឹម និងផលិតផលប្ល៉ាស្ទ៊ីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់។ ប៉ុន្តែភាពមិនប្រាកដប្រជា ដែលបន្តមានបានបង្កហានិភ័យខ្លាំងឡើងដែរ។

បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប (រួមទាំងចក្រភពអង់គ្លេសផង) ស្រូបយកជាងមួយភាគបី នៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេស គឺផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។

លទ្ធភាព​ដែលកម្ពុជា នឹងអាចបាត់បង់ភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុប ដោយរួចពន្ធក្រោមប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ» (EBA) ទំនងជានឹងអាចបន្ថយល្បឿន នៃការនាំចេញពីកម្ពុជា។

បន្ថែមលើនេះ វិស័យសំណង់ និងអចលនទ្រព្យ កាន់តែងាយធ្លាក់ ក្នុងវដ្តស្ថានភាពឆាប់ប៉ោង ហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្តល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យសំណង់ នឹងកាន់តែបង្កើនហានិភ័យថែមទៀត ដល់វិស័យហិរញ្ញវត្ថុដែរ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា «ការធ្វើឲ្យប្រសើរឡើង ដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយ ក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញ សម្រាប់សេដ្ឋកិច្ច នា ពេល អនាគតសុទ្ធតែជាអាទិភាពគន្លឹះ សម្រាប់រក្សាកំណើនខ្លាំង ក្នុងរយៈពេលមធ្យម។

ភ័ស្តុតាងនានា បានរំលេចឲ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាព នៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូល នៃសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈា ទៅសម្រេចគោលដៅជាសេដ្ឋកិច្ច មានចំណូលមធ្យមខ្ពស់ត្រឹម ឆ្នាំ ២០៣០"៕