បទវិចារណកថា ៖ អាមេរិក និងរុស្ស៊ី កំពុងពាក់មុខយក្សមើលគ្នាមិនចំ ពាក់ព័ន្ធនឹងវិបត្តិនយោបាយ នៅវេណេស៊ុយអេឡា

02-05-2019 4:28pm

វេណេស៊ុយអេឡាៈ សហរដ្ឋអាមេរិក និងរុស្ស៊ី ទំនងជាត្រូវពាក់មុខយក្សដាក់គ្នាហើយ ក្រោយកាលពីថ្ងៃពុធម្សិលមិញនេះ ពួកគេបានព្រមានគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការជ្រៀតជ្រែកនៅក្នុងប្រទេសវេណេស៊ុយអេឡា រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ផមផ្យូ បានចោទប្រកាន់ទីក្រុងម៉ូស្កូ ថា បានបញ្ឈប់ប្រធានាធិបតីនីកូឡាស់ ម៉ាឌុយរ៉ូ ពីការចាកចេញប្រទេសរបស់លោក។

ក្រសួងការបរទេសរុស្ស៊ី បានអះអាងថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សេហ្គេ ឡាវរ៉ូវ បាននិយាយប្រាប់លោក ផមផ្យូ តាមទូរស័ព្ទថា “ជំហានឈ្លានពាន” បន្ថែមទៀត នៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងធ្វើឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

ក្រសួងការបរទេសរុស្ស៊ីបន្តថា ភាគីរុស្ស៊ីចង់បញ្ជាក់ថា ការជ្រៀតជ្រែកដោយទីក្រុងវ៉ាស៊ីងតោន ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យទឹកដី និងការគំរាមកំហែងដល់មេដឹកនាំរបស់ពួកគេ គឺជាការបំពានដ៏ច្បាស់ក្រឡែតមួយដល់ច្បាប់អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិក លោកផមផ្យូ បានជំរុញឲ្យរុស្ស៊ីបញ្ឈប់ការគាំទ្រលោកម៉ាឌុយរ៉ូ។ លោកបានធ្វើការសង្កត់ធ្ងន់ថា ការធ្វើអន្តរាគមន៍ណាមួយដោយរុស្ស៊ី និងគុយបា នឹងធ្វើឲ្យអស្ថិរភាពដល់ប្រទេសវេណេស៊ុយអេឡា និងទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក-រុស្ស៊ី។

កាលពីថ្ងៃអង្គារកន្លងទៅ លោកផមផ្យូ បានចោទប្រកាន់រុស្ស៊ីពីការធ្វើអន្តរាគមន៍ ដើម្បីបញ្ចុះបញ្ចូលលោកម៉ាឌុយរ៉ូ ឲ្យបោះបង់ចោលគម្រោងចាកចេញពីប្រទេស បន្ទាប់ពីការអំពាវនាវរបស់ក្រុមប្រឆាំងលោកឆន ក្វៃដូ ឲ្យយោធាវេណេស៊ុយអេឡា ជួយគាត់ផ្តួលរំលំលោកម៉ាឌុយរ៉ូ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានធ្វើការច្រានចោលការចោទប្រកាន់មួយនេះកាលពីថ្ងៃពុធ ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារៀ ហ្សាខារ៉ូវ៉ា បានចាត់ទុកថា វាគឺជា “ព័ត៌មានក្លែងក្លាយ”តែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក បានធ្វើការរិះគន់ចំៗមកលើរុស្ស៊ី និងគុយបា សម្រាប់ការជួយដល់លោកម៉ាឌុយរ៉ូ។ រុស្ស៊ី ដែលបានផ្តល់ជូនវេណេស៊ុយអេឡា នូវសញ្វវុធ និងប្រាក់កម្ចីនោះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងព្យាយាមជំរុញឲ្យមានរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។

ស្របពេលដែល លោកផមផ្យូ បាននិយាយកាលពីព្រឹកថ្ងៃពុធថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការយោធា បើសិនជាចាំបាច់ នោះ ក្រុមមន្រ្តីមន្ទីរបច្ចកោណ បាននិយាយប្រាប់សភាថា ពួកគេមិនត្រូវបានគេបញ្ជាឲ្យត្រៀមខ្លួនធ្វើសង្រ្គាមនោះទេ។

លោកផមផ្យូ បាននិយាយប្រាប់កាសែត Fox Business Network ថា វិធានការយោធា គឺអាចនឹងមានលទ្ធភាព។ បើសិនវាគឺជាអ្វីដែលចាំបាច់ នោះហើយគឺជាអ្វីដែលសហរដ្ឋអាមេរិក នឹងត្រូវធ្វើ

ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានបន្តធ្វើការសង្កត់ធ្ងន់ថា ពួកគេចង់ឲ្យមានអន្តរកាលដោយសន្តិវិធី នៅក្នុងប្រទេសវេណេស៊ុយអេឡា។

ក្រុមបាតុករ បានជួបជុំគ្នាជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ សម្រាប់ការដង្ហែរក្បួនទ្រង់ទ្រាយធំមួយតាមផ្លូវ ដើម្បីប្រឆាំងនឹងលោកម៉ាឌុយរ៉ូ។

នៅពេលសួរថាតើ ទីក្រុងវ៉ាស៊ីងតោន នឹងគិតគូរលើទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី ដោយសារតែស្ថានភាពមួយនេះនោះ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោកចន បូលតុន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងជួបជុំគ្នាពិភាក្សាលើបញ្ហាមួយនេះ ។ លោកនិយាយថា យើងនឹងពិចារណ៍លើជំហានច្រើនណាស់។

ប៉ុន្តែលោកបូលតុន មិនបានបរិយាយអ្វីច្រើននោះទេលើអ្វីដែលសហរដ្ឋអាមេរិកបានដឹងពីការចោទប្រកាន់ថា រុស្ស៊ី បានមានឥទ្ធិពលលើផែនការរបស់លោកម៉ាឌុយរ៉ូ ប៉ុន្តែលោកបាននិយាយថា ការជ្រៀតជ្រែករបស់ទីក្រុងម៉ូស្កូ មិនទទួលបានការស្វាគមន៍នោះទេ។

លោកបូលតុន បាននិយាយថា នេះគឺជាអឌ្ឍគោលរបស់ពួកយើង។ វាមិនមែនជាកន្លែងដែលរុស្ស៊ី គួរតែជ្រៀតជ្រែកនោះទេ។ នេះគឺជាកំហុសលើការរួមចំណែករបស់ពួកគេ។ វានឹងមិនធ្វើឲ្យល្អប្រសើរលើទំនាក់ទំនងពួកគេនោះទេ៕