បទអត្ថាធិប្បាយ ៖ តើការគំរាមរបស់អាមេរិក មកលើគុយបា ត្រូវឬខុស ខណៈរងការចោទប្រកាន់ថា កំពុងជ្រៀតជ្រែករឿងផ្ទៃក្នុងវេណេស៊ុយអេឡានោះ?

01-05-2019 3:16pm

អាមេរិកៈ នៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការគំរាមថា ការរាំងខ្ទប់ដ៏ពេញលេញ និងជាក់លាក់មួយ រួមគ្នាជាមួយនឹងទណ្ឌកម្មកម្រិតខ្ពស់បំផុត នឹងដាក់លើប្រទេសគុយបា បើសិនជាទាហានរបស់ពួកគេ មិនបញ្ឈប់ប្រតិបត្តិការយោធានៅក្នុងប្រទេសវេណេស៊ុយអេឡាទេនោះ ជាហេតុធ្វើឲ្យមានការចោទសួរថា តើអាមេរិក ក្នុងនាមជាប្រទេសមហាអំណាច ការគំរាមរបស់ពួកគេលើកនេះ អាចនឹងមានប្រសិទ្ធភាពដែរឬអត់ ខណៈពេលដែលពួកគេរងការចោទប្រកាន់ថា កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡានោះ?

សេចក្តីអធិប្បាយរបស់លោក បានកើតមាននៅថ្ងៃដែលមានអំពើកុប្បកម្ម ដែលមើលឃើញមនុស្សយ៉ាងហោច៧១នាក់ បានរងរបួស ខណៈដែលមានជម្លោះបន្តកើតឡើងរវាងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌុយរ៉ូ និងមេដឹកនាំក្រុមប្រឆាំង លោក ឆន ក្វៃដូ។

កាលពីថ្ងៃអង្គារម្សិលមិញ លោក ក្វៃដូ បានអំពាវនាវឲ្យយោធាប្រទេសមួយនេះ ជួយគាត់បញ្ចប់តំណែងប្រធានាធិបតីរបស់មេដឹកនាំជម្លោះ ម៉ាឌុយរ៉ូ។

ដោយប្រទេសគុយបាបច្ចុប្បន្ន កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលគាំទ្រផងដែរ ដោយប្រទេសមួយចំនួនដូចជារុស្ស៊ី និងចិននោះ លោក ត្រាំ បានធ្វើការគំរាមបែបនេះ តាម Twitter។

លោក ត្រាំ បានសរសេរថា “បើសិនជាទាហាន និងក្រុមជីវពលគុយបា មិនបញ្ឈប់ប្រតិបត្តិការយោធា និងប្រតិបត្តិការផ្សេងៗទៀតភ្លាមៗ ក្នុងបុព្វហេតុធ្វើឲ្យមនុស្សស្លាប់ និងបំផ្លាញធម្មនុញ្ញវេណេស៊ុយអេឡា ទេនោះ ការរាំងខ្ទប់ដ៏ពេញលេញ និងជាក់លាក់មួយ រួមគ្នាជាមួយនឹងទណ្ឌកម្មកម្រិតខ្ពស់បំផុត នឹងដាក់មកលើប្រទេសកោះមួយនេះ”។

លោកបានសរសេរថា “សង្ឃឹមថា ទាហានគុយបាទាំងអស់ នឹងវិលត្រឡប់ទៅកាន់កោះរបស់ពួកគេវិញជាបន្ទាន់ និងដោយសន្តិវិធី”។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសគុយបា លោក ប៊្រូណូ រ៉ូឌ្រីហ្គេស ប៉ារីឡា បានសរសេរតាម Twitter ថា ប្រទេសរបស់លោកឈរខាងលោក ម៉ាឌុយរ៉ូ ជានិច្ច។

នៅក្នុងចំណោមអ្នករងរបួសនៅក្នុងរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា ៤៣នាក់ បានរងរបួស ដោយសារតែគ្រាប់កាំភ្លើងកៅស៊ូ និង២១នាក់ផ្សេងទៀត ទទួលបានការព្យាបាលរបួសដោយសារការប៉ះទង្គិចគ្នា។

វីដេអូទទួលបានពីទីក្រុងការ៉ាកាស ឃើញឈុតឆាកនៃការប៉ះទង្គិចគ្នា ក្រោយលោក ម៉ាឌុយរ៉ូ អំពាវនាវឲ្យមានការបះបោររបស់យោធា។

រូបភាពជាច្រើនសន្លឹក ឃើញទោចក្រយានយន្ត និងជនស៊ីវិល រងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកភ្នែក ពេលដែលគ្រាប់កាំភ្លើងបាញ់ឡើងលើអាកាសដែរនោះ។

លោក ក្វៃដូ បានជំរុញឲ្យក្រុមបាតុករ និងសមាជិកយោធា ចូលរួមធ្វើបាតុកម្ម ដែលលោកអះអាងថា ជាដំណាក់កាលផ្តាច់ព្រ័ត្រនៃ “ប្រតិបត្តិការដើម្បីសេរីភាព” នៅក្នុងវីដេអូមួយនៅឯមូលដ្ឋានទ័ពអាកាស La Carlota ស្ថិតក្នុងទីក្រុងការ៉ាកាស ខណៈដែលឡោមព័ទ្ធដោយទាហានប្រដាប់អាវុធគ្រប់ដៃ។

ភ្លាមៗនោះដែរ ទាហានបានបង្កើតមូលដ្ឋានឈរជើងការពារនៅជុំវិញមូលដ្ឋានទ័ពអាកាស មុនពេលដែលកងកម្លាំងរបស់លោក ម៉ាឌុយរ៉ូ បានធ្វើដំណើរមកដល់ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ពិត។

សហរដ្ឋអាមេរិក ស្ថិតនៅក្នុងចំណោមប្រទេសចំនួន៥០ ដែលទទួលស្គាល់លោក ក្វៃដូ ជាប្រធានាធិបតីវេណេស៊ុយអេឡា ហើយនិងបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីព្យាយាមទម្លាក់អំណាចលោក ម៉ាឌុយរ៉ូ ដែលពួកគេបាននិយាយថា បានឈ្នះការបោះឆ្នោតឡើងវិញកាលពីឆ្នាំមុន តាមរយៈការលួចបន្លំសន្លឹកឆ្នោត។

លោក ក្វៃដូ បាននិយាយថា បាតុកម្មនៅថ្ងៃពុធនេះ នឹងក្លាយជាការដង្ហែព្យុហយាត្រាធំបំផុតនៅក្នុងប្រវត្តិសាស្រ្តវេណេស៊ុយអេឡា ហើយនិងជាដំណាក់កាលច្បាស់លាស់នៃកិច្ចខិតខំរបស់លោក ដើម្បីឡើងកាន់អំណាច និងដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតសារជាថ្មី។

សូមបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡា បានជាប់គាំងទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត។ កង្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ បានធ្វើឲ្យពលរដ្ឋវេណេស៊ុយអេឡា ជាង៣លាននាក់ រត់ភៀសខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕