បទវិចារណកថា ៖ តើការបង្ហាញខ្លួនរបស់មេដឹកនាំរដ្ឋអ៊ីស្លាម កំពុងធ្វើឲ្យពិភពលោកភិតភ័យឬ?

30-04-2019 10:33pm

បរទេសៈ មេដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម បានបង្ហាញខ្លួនជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ នៅក្នុងវិដេអូមួយបញ្ចេញដោយទីភ្នាក់ងារផ្សព្វផ្សាយរបស់ក្រុមជ្រុលនិយមមួយនេះ កាលពីថ្ងៃចន្ទ។ ការបង្ហាញខ្លួនលើនេះ ក្រោយល្បីថា លោកបានស្លាប់បាត់បង់ជីវិតទៅហើយនោះ ដោយលោកបាននិយាយទទួលស្គាល់បរាជ័យនៅតំបន់កាន់កាប់ចុងក្រោយរបស់ពួកគេនៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែលោកបានប្តេជ្ញាចិត្តថា សង្រ្គាមដ៏វែងឆ្ងាយនៅបន្តកើតមានឡើងទៀត។

ក្រុមចារកិច្ច SITE បាននិយាយថា នៅក្នុងវិដេអូនេះ លោក អាប៊ូ បាគឺ អាល់-បាក់ដាឌី បានពិភាក្សាផងដែរ ពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅថ្ងៃបុណ្យសាសនាគ្រិស្ត Easter Day ក្នុងប្រទេសស្រីលង្កា ដែលបានសម្លាប់មនុស្សជាង២៥០នាក់ ហើយនិងការប្រកាសទទួលស្គាល់របស់ពួកគេ។

វិដេអូដែលបញ្ចេញដោយទីភ្នាក់ងារ Al-Furqan កាលពីថ្ងៃចន្ទ ឃើញលោក អាល់-បាក់ដាឌី មានពុកមាត់ស្រមូវពណ៌ក្រហមលាយប្រផេះ ស្លៀករ៉ូបពណ៌ខ្មៅ ពាក់អាវកាក់ពណ៌ត្នោតខ្មី ហើយអង្គុយលើកម្រាលឥដ្ឋ ដែលទំនងជាមានកំាភ្លើងយន្តនៅក្បែរគាត់។ លោកកំពុងនិយាយាជាមួយបុរស៣នាក់ផ្សេងទៀត ដែលអង្គុយទល់មុខគាត់ ដោយមុខរបស់ពួកគេ ត្រូវបានគ្របបិទបាំង។

វាគឺជាការបង្ហាញខ្លួនជាលើកដំបូងក្នុងវិដេអូរបស់លោក ចាប់តាំងពីលោកផ្តល់ឱវាទនៅឯវិហារ អាល់-នូរី ស្ថិតក្នុងទីក្រុងម៉ូស៊ូល ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០១៤។ នៅក្នុងវិដេអូនោះ លោកផ្តល់ឱវាទពីលើតុវេទិកាក្នុងវិហារ ដោយលោកបានជំរុញឲ្យជនមូស្លីមនៅលើពិភពលោក ស្បថស្បែ ស្ម័គ្រស្មោះនឹងព្រះចៅអាលិហ្វ និងស្តាប់ឱវាទលោកជាមេដឹកនាំរបស់ពួកគេ។

លោក អាល់-បាក់ដាឌី បានទទួលស្គាល់ថា ក្រុមរដ្ឋអ៊ីស្លាម បានចាញ់សង្រ្គាមនៅភូមិបាក់ហ៊ូស ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានដណ្តើមបានកាលពីខែមុន ដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមឃើដ គាំទ្រដោយសហរដ្ឋអាមេរិក។

លោកបាននិយាយថា “ជាការពិតណាស់ថា សង្រ្គាមអ៊ីស្លាម និងប្រជាជនរបស់ពួកគេ ជាមួយអ្នកធ្វើសង្រ្គាមសាសនា និងអ្នកដើរតាមរបស់ពួកគេ គឺជាសង្រ្គាមដ៏វែងឆ្ងាយមួយ”

លោកបាននិយាយថា សង្រ្គាមនៅភូមិបាក់ហ៊ូស បញ្ជាក់យ៉ាងច្បាស់ពី “អំពើឃោរឃៅ និងព្រៃផ្សៃ” របស់លោកខាងលិច ហើយបង្ហាញពី “សេចក្តីក្លាហាន ភាពរឹងប៉ឹង និងម៉ឺងម៉ាត់របស់ជាតិអ៊ីស្លាម”។ លោកបន្តទៀតថា ភាពរឹងប៉ឹងនេះហើយ បានទម្លុះបេះដូងក្រុមធ្វើសង្រ្គាមសាសនាឲ្យញាប់ញ័រ និងធ្វើឲ្យកំហឹងរបស់ពួកគេ កាន់តែឆាបឆេះខ្លាំងឡើង។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នោះទេ ពីពេលវេលា ឬទីកន្លែងដែលវិដេអូមួយនេះបានថត។ លោក អាល់-បាក់ដាឌី បាននិយាយយឺតៗ និងអាក់ៗនៅក្នុងវិដេអូនេះ។

ជាមួយនឹងប្រាក់រង្វាន់២៥លានដុល្លារ របស់អាមេរិក សម្រាប់ក្បាលរបស់គាត់ លោក អាល់-បាក់ដាឌី គឺជាមនុស្សដែលគេចង់បានបំផុតនៅលើពិភពលោក និងជាអ្នកទទួលខុសត្រូវ ក្នុងការកាច់ចង្កូតក្បាលម៉ាស៊ីនក្រុមភេរវកម្មរបស់គាត់ បង្កឲ្យមានវិនាសកម្មកាប់សម្លាប់ទ្រង់ទ្រាយបំផុតមកលើគូសត្រូវរបស់ខ្លួន ហើយនិងជាអ្នកបញ្ជាឲ្យមានការវាយប្រហារភេរវកម្មនៅទូទាំងទ្វីប និងនៅកណ្តាលអឺរ៉ុប។

ថ្វីត្បិតតែមានការអះអាងជាច្រើនពីការស្លាប់របស់លោកក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយក៏ដោយ ទីតាំងលាក់ខ្លួនរបស់លោក អាល់-បាក់ដាឌី ស្ថិតក្នុងភាពអាថ៌កំបាំងដដែល។ លោកបានបង្ហាញមុខជាសាធារណៈម្តងគត់ កាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក ក្រុមមន្រ្តីជំនួយកំពូលៗរបស់លោក ត្រូវបានសម្លាប់ ដែលភាគច្រើនដោយសារការវាយប្រហារតាមច្រកអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក។

លោកស្ថិតនៅក្នុងចំណោមមេបញ្ជាការជាន់ខ្ពស់ប៉ុន្មាននាក់ប៉ុណ្ណោះ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលនៅសេសសល់ ក្រោយរយៈពេល២ឆ្នាំ នៃសង្រ្គាមបង្ហូរឈាមគ្នា ដែលមើលឃើញការដួលរលំទៅនៃការិយាល័យព្រះចៅកាលិហ្វ ក៏ដូចជាតំបន់គ្រប់គ្រងរបស់ពួកគេ ដែលមានទំហំប៉ុនអង់គ្លេស មកនៅរួញតូចត្រឹមតំបន់ជ្រលងភ្នំ Euphrates River៕