ធនាគារពិភពលោក ៖ សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមានកំណើនមធ្យម ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្តមានបញ្ហាប្រឈម

24-04-2019 2:22pm

ភ្នំពេញៈ ធនាគារពិភពលោក បានប្រកាសពីកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងអភិវឌ្ឍន៍ ត្រូវបានគន់គូរថា នឹងថមថយសន្ទុះធ្លាក់មកនៅត្រឹម៦% ក្នុងឆ្នាំ២០១៩-២០២០ បើប្រៀបធៀបទៅនឹង៦,៣% ក្នុងឆ្នាំ២០១៨ ដោយសារតែបញ្ហាប្រឈមដែលសេដ្ឋកិច្ចពិភពលោក កំពុងជួបប្រទះ និងការដាក់ចេញគោលនយោបាយដោយរដ្ឋាភិបាលចិន ក្នុងការបន្ថយល្បឿនជាជំហានៗ នូវកំណើនសេដ្ឋកិច្ចកន្លងមក។

យ៉ាងណាក៏ដោយ បណ្តាសេដ្ឋកិច្ចក្នុងតំបន់នេះ បានប្រឹងជំនះ​ផុតពីស្ថានភាពផ្លាស់ប្តូរយ៉ាងរហ័សរបស់ផ្សារហិរញ្ញវត្ថុក្នុងឆ្នាំ២០១៨ បានល្អគួរសម ដោយសារតែមានក្របខ័​ណ្ឌគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងគោលការណ៍គ្រឹះរឹងមាំ ដែលក្នុងនោះរួមមាន សេដ្ឋកិច្ចដែលមានសមាសភាពសម្បូរបែប, អត្រាប្តូរប្រាក់មានលក្ខណៈបត់បែនបាន និងគោលនយោបាយគាំទ្រដ៏រឹងប៉ឹង។

ក្នុងសន្និសីទសារព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ច មានភាពធន់របស់តំបន់នេះ គួរតែជួយកាត់បន្ថយភាពក្រីក្ រដែលបានធ្លាក់មកនៅកម្រិតទាបរួចទៅហើយក្នុងប្រវត្តិសាស្រ្តឲ្យមកនៅកាន់តែទាបថែមទៀត។ តាមពិតទៅ យើងរំពឹងទុកថា នៅត្រឹមឆ្នាំ២០២១ ភាពក្រីក្រធ្ងន់ធ្ងរនឹងធ្លាក់ច្រើនមកនៅក្រោម៣%»

លោកស្រីបន្ដថា យ៉ាងណាក៏ដោយ ស្របពេលគ្នានេះ ប្រជាពលរដ្ឋប្រហែល៥០០លាននាក់ ក្នុងតំបន់នេះ នៅតែបន្តខ្វះសន្តិសុខផ្នែកសេដ្ឋកិច្ច ហើយប្រឈមហានិភ័យ ដែលងាយធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។

ចំណែក លោក អេនឌ្រូ ម៉េសុន នាយកស្តីទីផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ខណៈចក្ខុវិស័យសេដ្ឋកិច្ច សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជារួមនៅតែបន្តមានភាពវិជ្ជមានក៏ពិតមែន សំខាន់គេត្រូវទទួលស្គាល់ថា តំបន់នេះ បន្តប្រឈមមុខទៅនឹងសម្ពាធកាន់តែច្រើនឡើង ដែលចាប់មានតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលនឹងអាចនៅតែជះផលមិនល្អទៅលើសេដ្ឋកិច្ច

លោកបន្ថែមថា បញ្ហាប្រឈមដែលកំពុងកើតមានទាំងប៉ុន្មាន ចាំបាច់ត្រូវតែមានការគ្រប់គ្រងឲ្យបានស្វាហាប់បំផុត។ ភាពប្រកួតប្រជែងឲ្យខ្លាំងក្លាឡើងបង្កើតឱកាសឲ្យកាន់តែប្រសើរឡើង សម្រាប់វិស័យឯកជន និងពង្រឹងមូលធនមនុស្សក្នុងប្រទេស។ បច្ចុប្បន្ននេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងអភិវឌ្ឍន៍មានអត្រាគ្របដណ្តប់របស់ជំនួយផ្នែកសង្គមកិច្ចទាបជាងគេ ក្នុងចំណោមពលរដ្ឋ២០% ដែលក្រីក្របំផុតបើប្រៀបទៅនឹងតំបន់កំពុងអភិវឌ្ឍន៍ដទៃទៀត៕