ខឹងប្រពន្ធ ជិះ​ម៉ូតូបុកបារ៉ាស់សមត្ថកិច្ច​ខណ្ឌមានជ័យ ដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុល ដួលអូសជាច្រើ​នម៉ែត្រ

23-04-2019 11:40am

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បាន​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ  និងជាតិអាកុល គ្មានគ្រឿងញៀន និងអាវុធឆ្លងកាត់ទេ តែ​ធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿង ខណៈដែលម្ចាស់ជិះឆ្លងកាត់ រកឃើញថា ហូបគ្រឿងស្រវឹងលើសច្បាប់ ដែលត្រូវផាកពិន័យ ខណៈដែលបុរសម្នាក់ ខឹងប្រពន្ធបើកម៉ូតូលឿនដូចហោះ បុកបារ៉ាស់ ដួលអូសជាច្រើនម៉ែត្រ  សំណាងមិនបានរងរបួស ត្រូវបានសមត្ថកិច្ចនាំមកពិនិត្យជាតិអាកុល០,៨៨ មិល្លីក្រាម។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ខណ្ឌមានជ័យ បានឲ្យដឹងថា កម្លាំងចម្រុះគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ ត្រង់ចំណុចទល់មុខ ក្លឹបកម្សាន្ត រ៉េន ផ្លូវជាតិលេខ២  ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៩:០០នាទី ដល់ម៉ោង១១:០០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ដដែលបន្តថា  ការងារនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង  វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក វរសេនីយ៍ត្រី គឹម កល្យាណ អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់ សុវង្ស អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី ណឹប វិបូ  អធិការរងខណ្ឌ ទទួលផែនសណ្តាប់ធ្នាប់ចរាចរចណ៍ និងលោកអនុសេនីយ៍ឯក ទឹម ស៊ី  តំណាងអាវុធហត្ថខណ្ឌមានជ័យ និងលោក ឡេង ច័ន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងលោក វុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម ដោយប្រើប្រាស់កម្លាំងសរុប រួមចំនួន៦០នាក់ ប្រជាការពារខណ្ឌ-សង្កាត់ ៣០នាក់ កម្លាំងនគរបាលខណ្ឌ ២៤នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ៦នាក់។

ជាលទ្ធផល រថយន្តគ្រប់ប្រភេទឆ្លងកាត់គោលដៅ ត្រួតពិនិត្យចំនួន៦៧គ្រឿងម៉ូតូគ្រប់ប្រភេទឆ្លងកាត់គោលដៅត្រួតពិនិត្យ ចំនួន១៩៧គ្រឿង អាវុធ និងគ្រឿងញៀន ឆ្លងកាត់ គោលដៅ ត្រួតពិនិត្យ (គ្មាន)។

ចំពោះលទ្ធផលត្រួតពិនិត្យជាតិអាកុល មានជាតិអាកុល ក្រោម ០,២៥ មិល្លីក្រាម  ក្នុង១លីត្រ ខ្យល់ មានចំនួន២នាក់ កម្រិតអប់រំ រួចអនុញ្ញាតឲ្យបន្តដំណើរ។ ជាតិអាកុលចាប់ពី ០,២៥ មិល្លីក្រាម ដល់០,៣៩ មិល្លីក្រាម ក្នុង១លីត្រខ្យល់(គ្មាន)។ ជាតិអាកុល ចាប់ពី០,៤០ មិល្លីក្រាម  ក្នុង១លីត្រខ្យល់ឡើងទៅមានចំនួន៣នាក់ (ម៉ូតូ៣គ្រឿង)ម៉ូតូមានកម្រិតជាតិអាកុល ០,៨៨  និង០,៧៨ និង០,៥២ មិល្លីក្រាម  ឃាត់ម៉ូតូចំនួន៣គ្រឿង យករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីផាកពិន័យតាមច្បាប់៕