គម្រោងប្រកាសបញ្ឈប់ការនាំចេញប្រេងអ៊ីរ៉ង់ របស់អាមេរិក ធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃ

22-04-2019 3:37pm

អាមេរិកៈ គេរំពឹងថា សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះ ថា ក្រុមហ៊ុនដែលទិញប្រេងអ៊ីរ៉ង់ ត្រូវតែបញ្ចប់ការនាំចូលរបស់ពួកគេឲ្យបានឆាប់រហ័ស បើពុំដូច្នោះទេ នឹងប្រឈមជាមួយទណ្ឌកម្មសេដ្ឋកិច្ច ជាហេតុធ្វើឲ្យតម្លៃប្រេងឆៅ ហក់ឡើងខ្ពស់៣ភាគរយ ដែលជាតម្លៃថ្លៃបំផុតមកទល់នឹងពេលនេះ ក្នុងឆ្នាំ២០១៩។

កាសែត Washington Post បានចុះផ្សាយពីប្រភពព័ត៌មានដែលដឹងច្បាស់ពីគម្រោងការមួយនេះថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងលប់ចោលការលើកលែងទណ្ឌកម្ម ដែលខ្លួនផ្តល់ជូនដល់ក្រុមហ៊ុននាំចូលប្រេងអ៊ីរ៉ង់មួយចំនួន កាលពីចុងឆ្នាំមុន។

តម្លៃប្រេងឆៅសម្រាប់ទីផ្សារខាងមុខ បានហក់ឡើងខ្ពស់រហូតដល់៣.២ភាគរយមកនៅតម្លៃ៧៤.៣១ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់ជាងគេបំផុត ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិការហូតមក ខណៈដែលប្រេងឆៅអាមេរិក កើនឡើង៣ភាគរយ មកនៅតម្លៃ៦៥.៨៧ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែតុលារហូតមក។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ចង់បញ្ចប់ការលើកលែងទណ្ឌកម្ម ដើម្បីដាក់សំពាធសេដ្ឋកិច្ចកម្រិតអតិបរមាមកលើអ៊ីរ៉ង់ តាមរយៈការកាត់ផ្តាច់ការនាំចេញប្រេងរបស់ពួកគេ និងកាត់បន្ថយប្រភពប្រាក់ចំណូលដ៏សំខាន់របស់ពួកគេ មកនៅកម្រិតត្រឹមសូន្យ៕