Lyon ពង្រឹងកៅអីលេងនៅ Champions League ជាមួយនឹងជ័យជំនះលើ Angers ២-១

20-04-2019 12:18pm

បាល់ទាត់ៈ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay បានជួយឲ្យក្រុម Lyonបំបាក់ក្រុម Angers២-១ នៅការប្រកួត Ligue 1កាលពីថ្ងៃសុក្រម្សិលមិញ ក៏ដូចជាបញ្ចប់ប្រវត្តិលេងមិនដែលឈ្នះ៣ប្រកួត និងបន្តដំណើរឆ្ពោះទៅរកការដណ្តើមកៅអីលេងនៅ Champions Leagueនារដូវកាលក្រោយ។

គ្រាប់បាល់ក្នុងតង់ទី១ពីកីឡាករ Memphis Depay  និងកីឡាករ Martin Terrier បានមើលឃើញក្រុម Lyonក្តោបក្តាប់យ៉ាងណែនតំណែងលេខ៣របស់ពួកគេនៅលើតារាង Ligue 1មាន៥៩ពិន្ទុ ពោលគឺមាន៦ពិន្ទុនាំមុខក្រុមលេខ៤ Saint-Etienne។

ប៉ុន្តែការភ័យខ្លាច បានកើតមានឡើង ពេលដែលកីឡាករ Lucas Tousart បណ្តោយឲ្យបាល់ចូលទីខ្លួនឯង រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលចូលលេងជាកីឡាករបម្រុង គឺពេលដែលមានការសង្រ្គោះបាល់អន់ពីអ្នកចាំ Anthony Lopes។

នេះគឺជាជ័យជំនះលើកដំបូងហើយរបស់ក្រុម Lyonហើយ ចាប់តាំងពីគ្រូបង្វឹក Bruno Genesio បានប្រកាសឲ្យដឹងពីការចាកចេញទៅរបស់គាត់នាដំណាច់រដូវកាលនេះ៕