អូនស្ម័គ្រ បងស្មោះ តែទាស់ចាស់ៗ ចិត្តប្រែប្ដូរផ្លាស់ ប្ដឹងចាប់បងដាក់គុក!

20-04-2019 11:13am

កណ្ដាលៈ យុវជនសក់សេះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជា វ៉ាន់ដេត អាយុ២៧ឆ្នាំ រស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង គ្មានមុខរបរពិតប្រាកដ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យប្ដឹង។

ចំពោះករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩មកម៉្លេះ តែម្តាយក្មេងស្រីទេីបប្តឹងនគរបាលស្រុកស្អាង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ជនរងគ្រោះ ទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ នាងមានមុខរបរជាកម្មការិនីរោងចក្រ ត្រូវបានជនសង្ស័យលួងលោមយកទៅរួមភេទបានសម្រេច ដែលករណីនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យនៅឡើយ។

លោកអធិការ បន្តថា កន្លងមក អ្នកទាំងពីរ ធ្លាប់ទាក់ទងស្រលាញ់គ្នា។ លុះដល់យប់កេីតហេតុ មុនថ្ងៃចូលឆ្នាំ ជនសង្ស័យបានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន ហើយបានរួមភេទជាមួយគ្នាក្នុង១យប់២ដង រយៈពេល៦ថ្ងៃកន្លងមកហើយ ហើយម្ដាយជនរងគ្រោះទើបតែដឹង ក៏ដាក់ពាក្យប្ដឹងតែម្ដង។

ជនសង្ស័យ ជា វ៉ាន់ដេត បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ ពោល គឺកើតចេញពីការព្រមព្រៀង និងស្រឡាញ់គ្នាប៉ុណ្ណោះ។

យោងតាមច្បាប់ ស្ដីពីការប្រឆាំងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើផ្លូវភេទ ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះបីកើតចេញពីការព្រមព្រៀងក៏ដោយ ក៏ជនដែលប្រព្រឹត្តមានទោសព្រហ្មទណ្ឌដែរ។

មាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ចែងថា ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕