ជិះម៉ូតូដឹកស្រាបៀរ រេចង្កូតទៅបុកទ្រូងផ្លូវ ស្លាប់មួយរំពេច, មានជនឆ្លៀតឱកាស មកលួចទ្រព្យអស់ទៀត!

20-04-2019 10:33am

ភ្នំពេញៈ គួរឲ្យអាសូរ! បុរសម្នាក់ បានបោកក្បាលស្លាប់មួយរំពេច ខណ:ពេលកំពុងជិះម៉ូតូ Scoopy យ៉ាងលឿន ដោយមានដឹកស្រាបៀរ ២កេស សង្ស័យពិបាកកាច់ចង្កូត ទេីបរេចង្កូតទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែម កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ដោយមានដឹកស្រាបៀរ ២កេស នៅកន្លែងដាក់ជើង ខណ:មកដល់ចំណុចកើតហេតុ សង្ស័យពិបាកកាច់ចង្កូត ស្រាប់តែរេចង្កូតទៅបុកទ្រូងផ្លូវ ហើយផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងតែម្ដង។

ភ្លាមៗនោះ ក៏មានជនសង្ស័យមួយក្រុម បានធ្វើដំណើរឆ្លងកាត់ ហើយបន្លំធ្វើជាស្គាល់ជនរងគ្រោះ បានលួកយកទូរស័ព្ទ និងកាបូបលុយ ចេញទៅបាត់ដោយមិនមានរបស់អ្វី សម្រាប់ទាក់ទងទៅសាច់ញាតិជនរងគ្រោះបានខ្លះទេ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយទាក់ទង ទៅមន្ត្រីជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយ ដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕