ឆ្លងចរន្តអគ្គិសនីឆេះផ្ទះសំណាក់ “គឹម លី” ផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ បាញ់ទឹកពន្លត់អស់ជាច្រើនឡាន

19-04-2019 11:07am

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានទាំងយប់ ខណៈមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះសំណាក់ “គឹម លី” និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់ជាច្រើនម៉ោង ទើបគ្រប់គ្រងស្ថានការណ៏បានដោយការឆេះនេះ សមត្ថកិច្ចបានអះអាងជាបឋមថាឆ្លងចរន្តអគ្គិសនី។ ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ និងបានប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង របស់នគរបាលក្រុង និងអាវុធហត្ថក្រុងនាំគ្នាបាញ់ពន្លត់អស់ជាច្រើនម៉ោង ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។

ប្រភពបន្តថា ការឆាបឆេះខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីដំបូលផ្នែកខាងលើ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ប៉ុន្តែអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនទាន់សរុបអស់ទឹកប្រាក់អស់ប៉ុន្មាននោះដែរ។

ប្រភពបន្តថា នាពេលកន្លងមក អាជ្ញាធរខេត្តក៏ធ្លាប់បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីភ្លើងទាន ភ្លើងអគ្គិសនី ភ្លើងចង្ក្រានផងដែរ៕