នាំប្រពន្ធមកសម្រាលកូនបានមួយយប់ លុះព្រឹកឡើងមិនដឹងមានរឿងអ្វី ឡើងដើមឈើក្បែរមន្ទីរពេទ្យ ចងកសម្លាប់ខ្លួន ចោលប្រពន្ធកូន

19-04-2019 8:20am

សៀមរាបៈ បុរសម្នាក់ សម្រេចចិត្តចងកខ្លួនឯង ដោយមិនបានដឹងមូលហេតុ នៅក្បែរមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប កាលពីវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវស៊ីសុវត្ថា ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រពភពីលោកមេភូមិត្រពាំងសេះ ដែលបានឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ថា លោកជាអ្នកអង្វរកជនរងគ្រោះផ្ទាល់ ប្រហែល១ម៉ោងជាង តែមិនអាចឃាត់ជនរងគ្រោះបាន។ ចំណែកប្រភពពីប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់មានឈ្មោះ លី ចាន់ថន មានអាយុ៣៨ឆ្នាំ រស់នៅភូមិតាណី ឃុំទូកមាសស្រុកបន្ទាយមាស ខេត្តកំពត។ រីឯគាត់ស្ត្រីរងគ្រោះមានឈ្មោះ ហុក អេង អាយុ៤១ឆ្នាំ គាត់និងស្វាមី មកពីប៉ោយប៉ែត ដើម្បីសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ គាត់បានបន្តទៀតថា គាត់មិនបានដឹងមូលហេតុអ្វីទេ បានជាស្វាមីគាត់ធ្វើអត្តឃាតខ្លួនឯងបែបនេះ។

បើតាមសមត្ថកិច្ចដែលបានសួរនាំគាត់ផ្ទាល់ គាត់បាននិយាយប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ធ្លាប់ប្រើអំពើរហិង្សាមកលើគាត់ម្តង កាលពីឆ្នាំមុន ម្យ៉ាងទៀត គាត់បានបន្ថែមថា ប្តីរបស់គាត់ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់គ្រឿងញៀនពីមុនមក។

ប្រពន្ធជនរងគ្រោះ បានប្រាប់បន្តថា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ រូបគាត់បានឃើញប្តីគាត់ចេញទៅក្រៅ លុះ១ម៉ោងក្រោយមក ទើបត្រឡប់មកវិញ ហើយគាត់សង្កេតឃើញថា ប្តីរបស់គាត់មានក្លិនស្រា តែមិនបានឈ្លោះគ្នាទេ ហើយគាត់បាននិយាយទៅប្តីថា លោកគ្រូពេទ្យបានប្រាប់គាត់ថា គាត់ត្រូវវះកាត់ដើម្បីសម្រាលកូន ចឹងឯងកុំទៅណាចោលខ្ញុំ។

រហូតមកដល់ព្រឹកថ្ងៃកើតហេតុ ប្តីរបស់គាត់បានហូបបាយជាមួយគាត់ធម្មតា រួចក៏ចេញទៅក្រៅ ក៏បាត់រហូត មិនដឹងទៅណា បន្ទាប់មកគាត់ក៏ចូលសម្រាលកូនរួចរាល់ ក៏មានសមត្ថកិច្ចមកប្រាប់គាត់ថា ប្តីរបស់គាត់បានធ្វើអត្តឃាតចងកខ្លួនឯងនៅនឹងដើមឈើក្បែរពេទ្យ បានស្លាប់បាត់ហើយ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅវត្តគោកចក ក្នុងសង្កាត់គោកចក ហើយរហូតដល់វេលាម៉ោង១និង៣០នាទីរសៀល ទើបប្រពន្ធជនរងគ្រោះចេញពីពេទ្យមកដល់វត្ត ទើបសមត្ថកិច្ចសួរនាំគាត់ ,ប្រពន្ធជនរងគ្រោះបានប្រាប់ថា គាត់គ្មានសាច់ញាតិទេនៅសៀមរាប ហើយគាត់គ្មានលុយ សម្រាប់យកសពស្វាមីគាត់ទៅស្រុកកំណើតទេ ទើបប្រពន្ធជនរងគ្រោះបានសម្រេចចិត្តបូជាសពប្តីនៅវត្តគោកចកតែម្តង ក៏ប៉ុន្តែគាត់គ្មានលុយសម្រាប់ទិញ ក្តារបញ្ឈូសដាក់សពប្តី ក្រោយពេលលឺដូចនេះលោកមេភូមិត្រពាំងសេះ ក៏សម្រេចចិត្តជួយចេញលុយបូជាសព ចំនួន៨០ដុល្លារ និងបងប្អូនប្រជាពលរដ្ឋ ក៏បានចូលរួមជួយបន្ថែមៗទៀត៕