បោះ១០០ដុល្លារបញ្ចប់រឿង! ថៅកែខារ៉ាអូខេ លឺកាស៊ី បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងបត់ត្រឡប់ក្រោយ ស្រាប់តែកង់បីបើកលឿនមកពីក្រោយ បុកក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ

16-04-2019 12:23pm

ភ្នំពេញៈ ថៅកែខារ៉ាអូខេ លឺកាស៊ី បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ស្រាប់តែរ៉ឺម៉កកង់បីឥណ្ឌាបើកលឿនមកពីក្រោយ ទៅបុកចំកង់រថយន្តមុខខាងឆ្វេង បណ្ដាលឲ្យខ្ទាតក្រឡាប់ផ្ងារជើងខ្លួនឯង តែសំណាងល្អមិនមានរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖០៥នាទីយប់  ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខផ្ទះលក់សម្បកកង់រថយន្តគ្រប់ប្រភេទ យីហោ ចាន់ឃីម ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ដែលអ្នកភូមិនៅទីនោះ ស្គាល់ថា ជាថៅកែខារ៉ាអូខេ លឺកាស៊ី រួមជាមួយសមាជិកក្រុមគ្រួសារពីរបីនាក់ទៀត ជាអ្នករួមដំណើរផងនោះ បានបើករថយន្តមួយគ្រឿងម៉ាក TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង។

ប្រភពបន្តថា លុះរថយន្តមកដល់ចំណុចខាងលើ បានស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ ស្រាប់តែរ៉ឺម៉កកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស (អត់ពាក់ស្លាកលេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនមកពីក្រោយ ហើយទៅបុកចំកង់រថយន្តខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង។ ហេតុការណ៍នេះ ក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះជួយសម្របសម្រួលចរាចរណ៍ភ្លាមៗផងដែរ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសនោះទេ។

ក្រោយមក សមត្ថកិច្ចបានបាញ់គំនូស រួចឲ្យរថយន្តអែបខាងសិន ទើបឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាមួយជំហានសិន ដោយភាគីខាងរថយន្តមិនចង់វែងឆ្ងាយ ទើបយល់ព្រមសងសំណង១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងសមត្ថកិច្ចតែម្ដង៕