មន្ត្រីអាវុធហត្ថម្នាក់ ជិះម៉ូតូកាត់​ផ្លូវចាក់ខ្សាច់ ផុសកង់មុខខ្ទាត ដួល​បោកនឹងថ្នល់ បែកឈាមហូរពេញមុខ សន្លំ​ស្ដូកស្ដឹងកណ្ដាលផ្លូវ

15-04-2019 10:25am

ភ្នំពេញៈ បន្ទាប់ពីជួសជុល និងអ៊ុតកៅស៊ូឡើ​ងវិញ ពីលើ​ផ្លូវកៅស៊ូចាស់ប្រវែង៤,៣៥០ម៉ែត្រ​ ទទឹង១៨ម៉ែត្រ​ មានភាពល្អប្រសើរក្នុងការធ្វើដំណើ​របានជាង១ឆ្នាំរួចមក ផ្លូវជាតិលេខ២នេះ ត្រូវបានក្រុមបច្ចេកទេស បានប្រើគ្រឿងចក្រជីកកាយផ្លូវ ដើម្បីដាក់ប្រព័ន្ធលូបង្ហូរទឹក ហើ​យផ្លូវជាង២,០០០ម៉ែត្រ ដែលដាក់ប្រព័ន្ធលូរួចរាល់ ហើយនោះ បានចាក់គ្រួសឲ្យធ្វើ​ដំណើរបណ្ដោះអាសន្នវិញដែរ តែត្រូវភ្លៀងកក់ខែមួយមេធំ បណ្ដាលឲ្យផ្លូវមួយចំហៀង ដែលចាក់ដី  និងគ្រួសនោះ ត្រូវគ្រហោងស្រុត និងផុងតាមកន្លែង ដូច្នេះផ្លូវដែលអ៊ុតកៅស៊ូសល់តែមួយ គន្លង សម្រាប់ពលរដ្ឋធ្វើដំណើរ ហើយមិនបានដាក់ស្លាកសញ្ញា ឬភ្លើងសញ្ញាឲ្យបានត្រឹមត្រូវ  ជាហេតុធ្វើឲ្យម៉ូតូមួយគ្រឿង បើកបរដោយមន្ត្រីអាវុធហត្ថម្នាក់ ស្រាប់តែជិះចូលទៅ មិនដឹងថា ផ្លូវចាក់ខ្សាច់ ផុសកង់មុខខ្ទាតអ្នកបើកបោកនឹងថ្នល់ បែកឈាមពេញមុខ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៥០នាទីយប់ ថ្ងៃទី១៤ ខែមេសា  ឆ្នាំ២០១៩ ត្រង់ចំណុចខាង មុខ អាជ្ញាធរទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមមន្ត្រីជំនាញ ដាក់ប្រព័ន្ធលូ ខាងលើនេះ មិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ នៅត្រង់ចំណុចដែលធ្វើ​រួចរាល់ ហើយបែរជាចាក់ខ្សាច់ជំនួសទៅវិញ ទើបបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូក ។

គួររំឭកថា ប្រព័ន្ធលូបង្ហូរ ទឹកថ្មីមួយខ្សែ ដែលមានមុខកាត់ជាង១ម៉ែត្រ លាតសន្ធឹង តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ចាប់ពីរង្វង់មូលព្រះនរាយ៍ ជាប់ព្រំប្រទល់ក្រុងតាខ្មៅ រហូតមកដល់ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម បានដាក់ប្រព័ន្ធលូ រួចរាល់ជាង១ខែ ទៅហើយ ប៉ុន្តែអ្នកបច្ចេកទេសពុំព្រមជួសជុលផ្លូវដែលបានជីកកកាយ សម្រាប់ដាក់លូឲ្យបានស្អាតល្អវិញ ដូចដើមវិញនោះទេ ដោយទុកឲ្យផ្លូវមួយចំហៀង ត្រូវគ្រ ហោងស្រុតផុងសល់តែមួយចំហៀង សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ដែលបង្កការរំខានដល់បងប្អូនអ្នកដំណើរនាំគ្នា រអ៊ូរទាំអំពីការធ្វើលូរួចទុកចោលមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដំណើរ និងបង្កឲ្យមានអ្នកគ្រោះថ្នាក់ជាបន្តបន្ទាប់បែបនេះទៅវិញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមន្ត្រីអាវុធហត្ថខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1GW-9228 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុមិនដឹងថាផ្លូវត្រូវគេចាក់ខ្សាច់ ស្រាប់តែជិះចូលខ្សាច់នោះ បណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់  បែកឈាមពេញមុខ ហើយត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់មានប្រុសមានស្រី មកជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ចល្បាតប៉ុស្តិ៍ចាក់អង្រែក្រោមចុះមកដល់កន្លែងកើតហេតុ ។

បន្តិចក្រោយមក ឃើញលោក វុឌ្ឈ ផូសារវ័ន្ត នាយប៉ុស្តិ៍ ចាក់អង្រែក្រោម បានមកដល់កន្លែងកើតហេតុ ដោយថ្ងៃនេះជាក់ស្ដែង  លោកបានទាក់ទងទៅរថយន្តសង្គ្រោះ ពីមួយកន្លែងទៅមួយកន្លែង ទាំងរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពចាក់អង្រែ  គឺមិនមានការឆ្លើយតបមកវិញនោះទេ  ទើបលោកបានអោយកម្លាំងហៅកង់បីមកដឹកយកទៅមន្ទីរពេទ្យ ដើម្បីកុំអោយជនរងគ្រោះ កាន់តែធ្ងន់ធ្ងរជាងនេះទៀត។ គាប់ជួនមានបងប្អូនរបស់ជនរងគ្រោះ  ទាក់ទងទូរស័ព្ទមក  ទើបប្រាប់អោយប្រញាប់មកកន្លែងកើតហេតុ  ហើយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម យកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នសិនដើម្បីរងចាំ សាច់ញាតិ យកឯកសារពាក់ព័ន្ធមកបញ្ជាក់  រួចប្រគល់ជូនវិញ។

ប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវនៃតំបន់នោះ ក៏ដូចជាអ្នកដំណើរទូទៅ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនោះ បានសម្តែងអារម្មណ៍មិនពេញចិត្ត និងរអ៊ូរទាំជាខ្លាំងចំពោះបញ្ហាបន្សល់មកពីការជីកកកាយសម្រាប់ដាក់ប្រព័ន្ធលូនេះហើយទុកចោល ដែលជាការបណ្តែតបណ្តោយឲ្យផ្លូវត្រូវគ្រហោងស្រុតដីមួយជំហៀងផ្លូវតាមកន្លែង ជាពិសេសកន្លែងចាក់ខ្សាច់ ចោលឲ្យធ្វើដំណើរបណ្ដោះអាសន្ននោះ។

ក្រុមពលរដ្ឋ ស្នើដល់អាជ្ញាធរភូមិសង្កាត់ ពិសេសការិយាល័យជំនាញ ពាក់ព័ន្ធឬក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការធ្វើដាក់ប្រព័ន្ធលូផ្លូវមួយខ្សែនេះ មេត្តាចុះមកពិនិត្យ និងធ្វើការ ជួសជុលជូនពួកគាត់ សម្រាប់ការធ្វើដំណើរឆ្លងកាត់ ដើម្បីទៅធ្វើការងារជូនកូនទៅសាលា ឬ ទៅបំពេញកិច្ចការងារផ្សេងៗផងដែរ ជៀសវាងការបណ្តែតបណ្តោយឲ្យស្ថានភាពផ្លូវនៅទាំង បែបនេះ ហើយត្រូវប៉ះពាល់ និងរំខានដល់ការរស់នៅក៏ដូចជាការធ្វើដំណើររបស់ពលរដ្ឋ ទូទៅ ផងដែរ៕