ក្រសួងការងារ ស្ថានទូតខ្មែរ និងអាជ្ញាធរកូរ៉េ រៀបចំព្រឹត្តិការណ៍មហាសង្ក្រាន្ត នៅកូរ៉េ

15-04-2019 9:58am

កូរ៉េខាងត្បូងៈ នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និងសមាគមខ្មែរនានា បានរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តចូលឆ្នាំខ្មែរ នៅពហុកីឡដ្ឋានអានសាន ទីក្រុងអានសាន ដោយមានការចូលរួមពីលោក​បណ្ឌិត អ៊ិ​ត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ អភិបាលក្រុងអានសាន តំណាងអង្គភាពអភិវឌ្ឍធនធានមនុស្សនៃក្រសួងមុខរបរ និងការងារកូរ៉េ និងពលរដ្ឋខ្មែរនៅកូរ៉េ ប្រមាណជិត១ម៉ឺននាក់ ដោយមានកម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយការតាំងពិព័រណ៍ម្ហូបខ្មែរ ការសម្តែងសិល្បៈ និងការរាំកម្សាន្ត​ប្រកបដោយភាពសប្បាយរីករាយ និងជោគជ័យ។ កម្មវិធីមហាសង្រ្កាន្តឆ្នាំនេះ ត្រូវបានរៀបចំជាច្រើ​នកន្លែងនៅសាធារណៈកូរ៉េ។

នៅក្នុងព្រឹត្តិការណ៍មហាសង្ក្រាននេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលើកឡើងថា "មានបងប្អូនពលករខ្មែរបានធ្វើដំណើរមកពីឆ្ងាយរាប់រយគីឡូចំណាយពេលច្រើនម៉ោង ដើម្បីមកចូលរួម ដែលខ្ញុំសូមអរគុណដល់ទឹកចិត្ត ស្រឡាញ់រាប់អានគ្នាដ៏ស្មោះសររបស់បងប្អូនខ្មែរទាំងអស់។ ឆ្នាំនេះកម្មវិធីរបស់យើងពិតសម្បូរបែបដោយមានក្រុមសិល្បៈតន្ត្រី និងអ្នកចម្រៀងនៃសមាគមនានា និងមានសិល្បករ  មកពីក្នុងប្រទេសបានមកចូលរួមសម្ដែងក្នុងកម្មវិធីយើងរួមជាមួយក្រុមសិល្បកររបស់បងប្អូននៅកូរ៉េផ្ទាល់ហើយ ខ្ញុំសង្ឃឹមថាបងប្អូនសប្បាយរីករាយ ហើយរាំលេងទាំងអស់គ្នា"

លោក​រដ្ឋមន្ត្រី បានពាំនាំមកនូវសេចក្ដីនឹករលឹកការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះពីសំណាក់រាជរដ្ឋាភិបាលពីសម្ដេចអគ្គមហាសេនាបតតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនខ្មែររស់នៅកូរ៉េខាងត្បូងទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិង សូមឆ្នាំថ្មីនាំមកនូវជោគជ័យ សេរីសួស្ដីគ្រប់ប្រការដល់បងប្អូនខ្មែរទាំងអស់។

លោក​បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង នៅសាធារណរដ្ឋកូរ៉េពិតណាស់មិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារនៅស្រុកកំណើតយើងទេ តែបញ្ជាក់ថា ខ្មែរយើងទោះទៅដល់ទីណា សម្បូរសប្បាយយ៉ាងណា ក្ដីក៏ខ្មែរមិនភ្លេចប្រពៃណីវប្បធម៌ខ្មែរឡើយ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកសូមគោរពកោតសរសើរបងប្អូនខ្មែរ រស់នៅកូរ៉េខាងត្បូងទាំងអស់ ដែលបានថែរក្សាប្រពៃណីជាតិ ជាពូជពង្សខ្មែរអង្គរដ៏រុងរឿងនៃយើង។

ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរយើង ធ្វើបុណ្យចូលឆ្នាំខ្មែរ ក្នុងបរិយាកាសប្បាយរីករាយណាស់។  នៅក្នុងប្រទេសប្រជាជនខ្មែរ ធ្វើបុណ្យចូលឆ្នាំ ក្នុងបរិយាកាសសុខសាន្តសន្តិភាពអភិវឌ្ឍន៍ ដោយសប្បាយរីករាយខ្លាំងណាស់ដូច្នេះសូមបងប្អូនយើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាជឿជាក់លើការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឈានទៅឆ្នាំ២០៥០ ជា ប្រទេស ដែលមានចំណូលខ្ពស់៕