ឆក់ទូរស័ព្ទ៧ដង លួចកាច់កម៉ូតូម្ដង លើកនេះស៊យជាប់ខ្នោះ ពេលឌុបគ្នាមកលួចមូតូអន្ទាក់សមត្ថកិច្ច

14-04-2019 10:54am

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣៖០០នាទីរំលងអធ្រាត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួច (លួចយកម៉ូតូ) បន្ទាប់ពីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជនរងគ្រោះ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣៖៤០នាទីទាបភ្លឺ នៅចំណុចមុខផ្ទះលេខ៧២ ផ្លូវលេខ៥៩៨ ក្រុមទី២៧ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឈឿន ផានិត (ហៅ និត) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ស្រុកដងទង់ ខេត្តកោះកុង។ ទី២-ឈ្មោះ ទិប ម៉ា (ហៅ "TODAY" )ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ភូមិបុកក្រសាំង ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ វត្ថុតាងចាប់យកមាន ម៉ូតូ១គ្រឿង ម៉ាក Suzuki Let's ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-9875 ដែលមានលេខតួនិងលេខម៉ាស៊ីន: 403703 និងកូនសោរម៉ូតូមួយចំនួន (ចាប់យកពីឈ្មោះ ទិប ម៉ា  ហៅ TODAY ) ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវលេខ៥៩៨ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់មាន៖ ម៉ូតូ១គ្រឿង ម៉ាក Zoomer X ស៊េរី 2017 ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GH-7217 លេខតួ 0136693 និងលេខម៉ាស៊ីន 5136693។

សមត្ថកិច្ចបានឲ្យដឹងពីដំណើររឿងហេតុថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣៖០០នាទីរំលងអធ្រាត្រ ជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿង ម៉ាក  Zoomer X ស៊េរី 2017 ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GH-7217 ចេញពីហាងអ៊ុតសក់នៅម្ដុំចោមចៅ មកផ្ទះជួលលេខ៧២ ផ្លូវលេខ៥៩៨ ក្រុមទី២៧ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលមកដល់ជនរងគ្រោះក៏បានចតម៉ូតូខាងលើនៅខាងមុខផ្ទះលេខ៧២ រួចជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ក៏ឡើងទៅលើផ្ទះជួល រហូតដល់ម៉ោងប្រហែល៣៖៤០នាទីរំលងអធ្រាត្រ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ឈ្មោះ ឈឿន ផានិត (ហៅ និត) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ទិប ម៉ា (ហៅ TODAY) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Let`s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-9875 មកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ឈឿន ផានិត (ហៅ និត) បានយកដែកសំប៉ែត្រ សម្រាប់កាច់កម៉ូតូ ទៅបំបាក់កម៉ូតូរបស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ទិប ម៉ា (ហៅ TODAY) ជាអ្នកចាំមើលផ្លូវ លុះពេលលួចបានសម្រេចហើយ ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។

លុះមួយសន្ទុះក្រោយមកជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ បានចុះមកក្រោមវិញស្រាប់តែបាត់ម៉ូតូ ក្រោយកើតហេតុជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ក៏បានបើកកាម៉េរ៉ាសុវត្ថិភាពផ្ទះលេខ៧២មើល ក៏ឃើញរូបជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឈឿន ផានិត ហៅ និត និងឈ្មោះ ទិប ម៉ា ហៅ TODAY បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនហើយគេចខ្លួនបាត់ ។ រហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៣:០០នាទីរំលងអាធ្រាត្រ ទើបកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជនរងគ្រោះឈ្មោះ  ម៉ាញ់ ស្រីពៅ បានប្រទះឃើញជនសង្ស័យឈ្មោះ ឈឿន ផានិត ហៅ "និត" និងឈ្មោះ ទិប ម៉ា ហៅ "TODAY" (មើលតាមរូបភាពកាម៉េរ៉ាសុវត្ថិភាពផ្ទះកើហេតុស្គាល់មុខច្បាស់) កំពុងជិះតាមលើដងផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះនិងវត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាពលួច និង កូនសោរមួយចំនួន) រួចយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់តែម្ដង។

តាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរឈ្មោះ ឈឿន  ផានិត (ហៅ និត) និងឈ្មោះ ទិប ម៉ា (ហៅ TODAY) បានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកខ្លួនទាំងពីរនាក់ក៏ជិះគេចខ្លួន រួចយកម៉ូតូដែលលួចបាននោះ ទៅលក់នៅម្ដុំឃ្លាំងរំសេវ (លក់ឲ្យអ្នកមិនស្គាល់ឈ្មោះ) បានតំលៃ៥០០$ (ប្រាំរយដុល្លារ) ចំណែកដែកសំរាប់កាច់កម៉ូតូពួកខ្លួនបាន បោះចោលតាមផ្លូវក្រោយ ពេលធ្វើសកម្មភាពរួច។ ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់ មានភាព វិជ្ជមាន។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ បានបញ្ជូនទៅកាន់ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕