ក្រុមបាល់ទះនារីសហរដ្ឋអាមេរិក ឈ្នះជើងឯកការប្រកួតបាល់ទះឆ្នេរខ្សាច់ស្រាបៀអាន់ឆ័រ លើកទី២ នៅខេត្តបាត់ដំបង

13-04-2019 3:12pm

បាត់ដំបងៈ ក្រុមបាល់ទះនារី មកពីសហរដ្ឋអាមេរិក ដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ផ្នែកនារី នៅខេត្តបាត់ដំបង បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមបាល់ទះនារីមកពីប្រទេសក្រិច ដោយលទ្ធផល២សិតទល់០ នៅវគ្គផ្តាច់ព្រ័ត្រនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង។

ក្នុងឱកាសពិធីប្រគល់រង្វាន់ជូនក្រុមជយលាភី ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានទី១ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក Chris Liu នាយកផ្នែកបច្ចេកទេស សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ អ្នកនាង Justina Vincent នាយកម៉ាកសញ្ញាស្រាបៀរអាន់ឆ័រ និងលោក ហ៊ុយ វុទ្ធី នាយកទំនាក់ទំនងកិច្ចការសហគ្រាស។

ក្រុមជើងឯកបានទៅលើក្រុមសហរដ្ឋអាមេរិក ឈ្នះមេដាយមាស និងប្រាក់រង្វាន់១.០០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុមប្រទេសក្រិច ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៧០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមប្រទេសជប៉ុន បានត្រឹមមេដាយសំរឹទ្ធ និងប្រាក់រង្វាន់៥០០ដុល្លារ។ ក្រុមទទួលជ័យលាភីទាំងបីនេះ មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើងឯកពិភពលោក។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/។ ពិសាដោយការទទួលខុសត្រូវ៕