ឡូរ៉ា ម៉ម នឹងហោះទៅកូរ៉េខាងត្បូង ដើម្បីនាំបងប្អូនខ្មែរ រាំវង់បំបែកកំណត់ត្រាពិភពលោក

13-04-2019 3:04pm

ភ្នំពេញៈ ជាលើកទី១ហើយ ដែលកញ្ញា ឡូរ៉ា ម៉ម ស្រាប់តែចាកចេញទៅច្រៀងសម្តែងរហូតដល់ប្រទេសកូរ៉េ ដោយរំពឹងថា នឹងធ្វើឲ្យកាន់តែកក្រើកពលករកូរ៉េ ដែលស្រឡាញ់ចូលចិត្តរូបនាង ជាពិសេសបទចម្រៀងចង្វាក់របស់ជាតិខ្មែរ នឹងទាក់ទាញ ក្រោយពេលដឹងថា តារាមានប្រជាប្រិយភាពរូបនេះមកកាន់ការសម្តែង។

កញ្ញា ឡូរ៉ា ម៉ម ត្រូវគេទទួលស្គាល់ថា ជាតារាចម្រៀងសំនៀងបរទេស និងមានសម្រស់ស្រស់ស្អាតមិនចាញ់តារាសម្តែងប៉ុន្មានឡើយ។ ប្រជាប្រិយរបស់នាង ហក់ឡើងក្រោយចេញបទចម្រៀងស្នាដៃកូនខ្មែរ រហូតមានការកោតសរសើរពីអ្នកគាំទ្រ ធ្វើឲ្យត្រដែតឡើងនៅក្នុងអាជីពសិល្បៈ។

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ កញ្ញា ឡូរ៉ា ម៉ម រួមជាមួយតារាចម្រៀងជិត១០នាក់ផ្សេងទៀត នឹងចេញទៅចូលរួមការប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ ដែលមានអ្នកចូលរួមរាំចង្វាក់រាំវង់ មានវង់ធំជាងគេលើពិភពលោក។

ការចេញទៅច្រៀងលើទឹកដីកូរ៉េនេះ គឺជាលើកដំបូងហើយរបស់តារាចម្រៀងខ្មែរ សញ្ជាតិអាមេរិករូបនេះ។ ក្រៅពីរូបនាង មានតារាចម្រៀងល្បីៗ ដែលនឹងត្រូវចូលរួមការប្រគំតន្ត្រីនេះ ក្នុងនោះមានលោក ខេម លោក វុទ្ធា កញ្ញា បាន មុន្នីល័ក្ខ លោក ចាន់ សម័យ កញ្ញា យូរី លោក Bmo លោក Tampo ពិធីករកំពូលកូរលោក ប៉ែន ចំរ៉ុង និងលោក យឹម តាស្រង់ នឹងដឹកនាំលើការប្រគំតន្ត្រីនេះ។

ទីកន្លែងនៃការប្រគំតន្ត្រី នឹងត្រូវធ្វើនៅទីក្រុងប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីយរថភ្លើងសាសាង ឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង៤ល្ងាច ដល់ម៉ោង១០យប់។

សូមបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីសង្ក្រាន្តសប្បុរសធម៌ដើម្បីគន្ធបុប្ផា នឹងបំបែកកំណត់ត្រាប្រចាំឆ្នាំ ដោយមានអ្នកចូលរួមរាំចង្វាក់រាំវង់ ដែលមានវង់ធំជាងគេលើពិភពលោក ហើយក៏មិនមានការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរ អាចចូលរួមទស្សនាដោយសេរី។

តាមការរំពឹងទុកព្រឹត្តិការណ៍ខាងលើ នឹងមានបងប្អូនខ្មែរ ទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរកមូលនិធិបានច្រើន ដើម្បីយកមកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត។ ក្រៅពីនោះ សកម្មភាពនៃការរាំលេងរបស់បងប្អូន នឹងបន្សល់នូវវិដេអូ MV ដ៏អស្ចារ្យ ទុកជាអនុស្សាវរីយ៍របស់ខ្មែរ លើទឹកដីកូរ៉េ ដែលមិនធ្លាប់មានថែមទៀតផង៕